សង្ស័យផឹកស្រាស្រវឹង បើករថយន្តចេញពីសួនមាត់ស្ទឹងព្រះពន្លា ទៅបុកបង្គោលភ្លើងរបួសធ្ងន់ស្រាល៤ម្នាក់
បន្ទាយមានជ័យ ៖ រថយន្តឌីមិចចង្កូតស្ដាំមួយគ្រឿង បានបោះពួយយ៉ាងលឿន ចេញពីសួនមាត់ស្ទឹងព្រះពន្លាស្ថិតនៅក្នុង ភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឆ្ពោះទៅបុកបង្គោលភ្លើងមួយដើម និងតូបកាហ្វេបណ្ដាលឲ្យរបួសធ្ងន់ស្រាលបួនម្នាក់។
ហេតុការណ៍នេះ កើតឡើងកាលពី យប់ម៉ោង 8:00 ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ2025 លើកំណាត់ផ្លូវឆ្ពោះទៅកាន់ផ្សាររាត្រីស្ថិតនៅក្នុងភូមិ3 សង្កាត់ព្រះពន្លាក្រុងសេរីសោភ័ណ ។
បើតាមរូបភាពកាំមេរ៉ាសុវត្ថិភាព ក៏ដូចជាអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តខាងលើជារថយន្តពណ៌ស ប្រភេទ pick up ពាក់ស្លាកលេខពណ៌ក្រហម ចង្កូតស្តាំ 2BB 0018 បានបើកចេញពីចំណុច សួន មាត់ស្ទឹងព្រះពន្លា តាមទិសដៅពីកើតទៅលិចយ៉ាងលឿន ក៏រ៉េចង្កូតទៅបុកនេងបង្គោលភ្លើង និងតូបកាហ្វេដែលមិនបានបើកលក់ នៅជញ្ចើមផ្លូវខាងស្តាំ បណ្ដាលឲ្យរថយន្តរួញផ្នែកខាងមុខ និង ឃើញមានអ្នកធ្វើដំណើរក្នុងរថយន្តម្នាក់ ជាតៃកុងរបួសធ្ងន់បែកក្បាល និងរងរបួសស្រាលបីនាក់ ដែលជាអ្នករួមដំណើរ ។ ហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ក្រៅពីអ្នករួមដំណើរក្នុងរថយន្តនោះឡើយ គឺគ្រាន់តែបង្កឲ្យខូចខាតនៅតូបកាហ្វេ ដែលនៅជាប់និងក្បែរបង្គោលភ្លើងតិចតួច។
ប្រភពព័ត៌មាន បានអោយទៀតថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ជាអ្នករស់នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាតៃកុងរថយន្ត និងអ្នករួមដំណើរប្រហែលជាស្រវឹងស្រា ព្រោះគេឃើញជុំគ្នាផឹកស៊ីនៅនឹងសួន។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះមកវាស់វែង និងធ្វើកំណត់ហេតុ នាំយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ចំណែកអ្នករងរបួសត្រូវបាននាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕









