ឆ្លងចរន្តអគ្គីសនី ឆេះកង្ហារនិងពូក ផ្អើលពលរដ្ឋចេញអន្តរាគមន៍ ទម្លុះទ្វារចូលបាញ់ពន្លត់

បាត់ដំបង ៖ ឆ្លងចរន្តអគ្គីសនី បង្កជាអគ្គីភ័យឆាបឆេះកង្ហារនិងពូក ផ្អើលដល់ប្រជាពលរដ្ឋចេញអន្តរាគមន៍ ទម្លុះទ្វារចូលបាញ់ទឹកពន្លត់នៅវេលាព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ ខណៈដែលម្ចាស់ផ្ទះចាក់សោចោលរវល់ចេញទៅក្រៅអស់ ក៏ស្រាប់តែពួកគាត់បានឃើញផ្សែងហុយចេញខាងក្នុងផ្ទះយ៉ាងសំពោង ភ្លាមនោះពួកគាត់ក៏បាននាំគ្នាចេញមកមើលហើយពួកគាត់ក៏សម្រេចចិត្តវាយសោទម្លុះទ្វារចូល ក៏ប្រទះឃើញអណ្តាតភ្លើងកំពុងឆាបឆេះកង្ហារដែលដោតជាប់និងព្រីភ្លើងនិងឆេះរាលដាលពូកផងនោះ ក៏នាំគ្នាទាញទុយោរទឹកបាញ់ពន្លត់រហូតរលត់ទាំងស្រុងទើបម្ចាស់ផ្ទះនិងសមត្ថកិច្ចមកដល់។

ប្រភពដដែលបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះគឺផ្តើមចេញពីម្ចាស់ផ្ទះបានដោតកង្ហារចោលជាប់និងព្រីភ្លើងទើបបង្ករអោយក្តៅឆ្លងចរន្តឆេះកង្ហារនិងពូកតែម្តង តែសំណាងល្អត្រូវបានពលរដ្ឋអ្នកជិតខាងសហការគ្នាពន្លត់បានទាន់ពេលវេលាទើបមិនបណ្តាលអោយឆេះរាលដាលដល់ផ្ទះ ៕

ដោយ ៖ សាលី

CATEGORIES
Share This