ក្រោយផ្ទុះរូបភាពតាមបណ្តាញសង្គម សមត្ថកិច្ចចុះពិនិត្យទីតាំង អគារសង្ស័យបង្ខាំធ្វើទារុណកម្ម មួយកន្លែង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ទីតាំងអគារសង្ស័យអនឡាញ ឬបង្ខាំធ្វើទារុណកម្ម មួយកន្លែង នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះពិនិត្យជាក់ស្តែង ក្រោយមានការបែកធ្លាយបង្ហោះផ្សាយតាមបណ្តាញសង្គម ពីរូបភាពវីដេអូ នូវជនបរទេសម្នាក់​ធ្វើកាយវិកា បង្ហាញពីការវាយដំធ្វើទារុណកម្ម ទំនងជាត្រូវការជំនួយសង្រ្គោះបន្ទាន់ ។

រូបភាពខាងលើ ត្រូវបានចុះផ្សាយនិងបង្ហោះតាមបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទីតាំងដែលសង្ស័យ និងត្រូវបានសមត្ថកិច្ចចុះពិនិត្យនោះ ស្ថិតនៅចំណុចស្រះបេះដូង ខាងលិចផ្លូវស្តង់តាងួន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។

តាមរូបភាពវីដេអូដែលត្រូវបានគេថតបង្ហោះតាមបណ្តាញសង្គម គឺ មានបុរសម្នាក់ ឯកសណ្ឋានពណ៌ខ្មៅ ឈរលើអគារមុខបន្ទប់ជាន់លើគេ ដែលមានដែកចង្រឹងបិតជិត បានបង្ហាញពីការវាយដំធ្វើទារុណកម្ម ទំនងជាត្រូវការជំនួយសង្រ្គោះបន្ទាន់ ។

បើតាមសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីនេះកំពុងត្រូវបានអាជ្ញាធរខេត្តដែលដឹកនាំដោយអភិបាលរងខេត្តម្នាក់​​ រួមនឹងកម្លាំងអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត ព្រមទាំងអភិបាលក្រុង អធិការក្រុង ក្រោមការសម្របសម្រួលពីព្រះរាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១៧ នេះតែម្តង ។ តែបើតាមប្រភពពីចំណុចទីតាំងអគារខាងលើ  មុនពេលដែលសមត្ថកិច្ចទៅដល់ និងក្រោយការបង្ហោះលើបណ្តាញសង្គម គេឃើញមានរថយន្តប្រភេទរត់ទូរទំនើបៗ ជាច្រើនបានបើកចេញពីទីតាំងអគារដែលមានរបងបិតជិតខាងលើ ដោយមហាជនសង្ស័យថា ជាការជន្លៀសមនុស្សចេញពីក្នុង ។

គួរបញ្ជាក់ផងដែរថា បទល្មើសអនឡាញ ឬការជំរិត បង្ខាំមនុស្សខុសច្បាប់ កំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅក្រុងប៉ោយប៉ែត ត្រូវបាននគរបាលក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យអនឡាញមួយនៅក្នុងបុរី សាន ស៊ានហូ បានឃាត់ខ្លួនជនបរទេស រាប់សិបនាក់ ជាមួយនឹងឧបករណ៍សម្ភារៈជាច្រើនគ្រឿង ៕

CATEGORIES
Share This