ជិះម៉ូតូបញ្ច្រាស់ផ្លូវ ត្រូវរថយន្តដឹកទឹកកកស្ពានដែក បុកស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានរថយន្តដឹកទឹកកកស្ពានដែកបុកស្លាប់ភ្លាមៗ ខណៈពេលកំពុងជិះម៉ូតូបញ្ច្រាស់ផ្លូវ នៅវេលាម៉ោង០៥និង៤០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចខាងលិចរង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1C-0402 បើកបរដោយឈ្មោះ តាន់ សុខចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់ទួលតាឯក ក្នុងបាត់ដំបង  ទិសដៅពីលិចទៅកើត (បញ្ច្រាស់ផ្លូវ) ចំណែករថយន្តម៉ាកកូរ៉េ ប្រភេទឃ្លុបដឹកទឹកកក ស្ពានដែក ពណ៌ស គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូពេញទំហឹងបណ្តាលអោយបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍ បានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This