ប្រធានអាស៊ានឆ្នាំ២០២២៖ អាស៊ានកំពុងប្ដេជ្ញាចិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា អាស៊ានមានភាពចាស់ទុំច្រើនលើទំនាក់ទំនងការទូត ព្រោះបានប្ដេជ្ញាចិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងមានផ្នត់គំនិតមនុស្សធម៌ សម្រាប់ប្រជាជនគ្រប់គ្នា ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏​មហិមា​ អាស៊ាន​បានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គមវប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លងមក ​ជាមួយនឹងលទ្ធផល គួរជាទីគាប់ចិត្ត ។

ប្រធានអាស៊ានឆ្នាំ២០២២ ​បន្ថែមថា ឆ្នាំ២០២២​ នឹង​បញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ាន​ពាក់ព័ន្ធជាមួយដៃគូ នឹងផ្ដល់នូវ​ដំណោះ​ស្រាយ ​ដើម្បី​សម្រេច​បាននូវសមិទ្ធផល ​និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២​ របស់​អាស៊ាន និង​ផ្សារភ្ជាប់​ជាមួយ​នឹងទិសដៅ​សហប្រតិបត្តិការនាពេលអនាគត ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ​ក្នុងកិច្ចប្រជុំទាំងនេះ ​យើងនឹងអនុម័ត និងកត់សម្គាល់​នូវ​បញ្ជី​ឯកសារសមិទ្ធផលដ៏វែង ​ចំនួនប្រហែល១០០​ឯកសារ​ ដើម្បីជា​មគ្គុទ្ទេសក៍​សម្រាប់​សកម្មភាព និង​សហប្រតិបត្តិការរបស់អាស៊ាន នាឆ្នាំតទៅមុខ ៕

CATEGORIES
Share This