ប្រធានអាស៊ានឆ្នាំ២០២២៖ អាស៊ានកំពុងប្ដេជ្ញាចិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា អាស៊ានមានភាពចាស់ទុំច្រើនលើទំនាក់ទំនងការទូត ព្រោះបានប្ដេជ្ញាចិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងមានផ្នត់គំនិតមនុស្សធម៌ សម្រាប់ប្រជាជនគ្រប់គ្នា ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា អាស៊ានបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម–វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផល គួរជាទីគាប់ចិត្ត ។
ប្រធានអាស៊ានឆ្នាំ២០២២ បន្ថែមថា ឆ្នាំ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្ដល់នូវដំណោះស្រាយ ដើម្បីសម្រេចបាននូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល១០០ឯកសារ ដើម្បីជាមគ្គុទ្ទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់អាស៊ាន នាឆ្នាំតទៅមុខ ៕