សមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់អំណោយជូនអតីតយុទ្ធជនចំនួន៣០០គ្រួសារ នៅស្រុកចុងកាល់
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលនិងសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន ចំនួន ៣០០គ្រួសារ នៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្នុងពិធីនោះដែរ ក៏មានការចូលរួមលោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ រួមទាំងកងកម្លាំងទាំងបី មន្រ្តីរាជការ អង្គភាព និងស្ថាប័នជុំវិញខេត្តជាច្រើនរូប ។
ឯកឧត្តម ប្រធានកិក្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីគឺមិនទុកឲ្យបងប្អូនអតីតយុទ្ធជនណាម្នាក់រងទុក្ខលំបាកដោយគ្មានស្បៀងអាហារនោះឡើយ។
ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា សម្តេចតែងតែយកចិត្តគិតគូរគ្រប់ពេលវេលាទាំងអស់ពីបញ្ហាសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនដែលបានរស់នៅលំដ្ឋានថ្មីក្នុងតំបន់នេះផងដែរ។ ដោយខិតខំធ្វើផ្ទះជូនដល់បងប្អូនរួមទាំងដីអាស្រ័យផល និងមានសាលារៀន មន្ទីរពេទ្យ ភ្លើង ទឹក នៅក្នុងតំបន់ឲ្យបងប្អូនមានការលំបាកក្នុងការរស់នៅនោះឡើយ។
ក្នុងឱកាសបុណ្សចូលឆ្នាំថ្មីនេះដែរ ក្រុមការងារក៏បាននាំយកអំណោយមកចែកជូនបងប្អូន ដោយក្នុងមួយគ្រួសារទទួលបាន មី០១កេស, ត្រីខ០១យួរ, ទឹកដោះគោឆៅ០១យួរ, ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ, ទឹកបរិសុទ្ធ ០១កេស និងអង្ករ 30kg ៕