ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅ តុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​ ៖​ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ជនសង្ស័យខាងលើមាន ៖ ១-ឈ្មោះ​ រិទ្ធ សីហា (ស្នា) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-,ឈ្មោះ​ យិន ថាណយ(ពៅ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទាំង២នាក់ ត្រូវបានកម្លាំងជំនាញ បង្ក្រាបឃាត់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។

លោកបន្តថា តាមការបញ្ជាក់ពីជនរងគ្រោះ​ ទី១-ឈ្មោះ​ ថន ចាន់ធឿន​ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​បានរៀបរាប់ថា​ នៅវេលាម៉ោងប្រហែល២៣និង០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ គាត់បានចតម៉ូតូម៉ាកZOOMER.X ពណ៍ត្រួយចេក ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបាត់ដំបង 1X-8805 ទុកនៅមុខបន្ទប់ជួល ហើយបានឡើងទៅដេកនៅជាន់លើ រហូតដល់ម៉ោងប្រហែល១១ថ្ងៃត្រង់ ចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ គាត់បានចុះមករកម៉ូតូស្រាប់តែបាត់ ។  ចំណែកជនរងគ្រោះទី២​ ឈ្មោះ​ YALOM PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ កាលពីវេលាម៉ោងប្រហែល០៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានចតម៉ូតូម៉ាក ZOOMER.X ពណ៍ក្រហម គ្មានផ្លាកលេខ ទុកនៅមុខបន្ទប់ស្នាក់នៅជាប្រចាំ លុះដល់ព្រឹកឡើង ស្រាប់តែបាត់ម៉ូតូខាងលើពីមុខបន្ទប់តែម្ដង ។

ករណីនេះ សមត្ថកិច្ចបាន ដកហូតវត្ថុតាង រួមមាន​ ៖ ១.ម៉ូតូម៉ាក ZOOMER.X ពណ៌ក្រហម លាយខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (ប្រគល់ឲ្យម្ចាស់ដើមវិញ),​ ២.ម៉ូតូម៉ាក ZOOMER.X ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧​ គ្មានស្លាកលេខ ចំនួន០១គ្រឿង(ប្រគល់ឱ្យម្ចាស់ដើមវិញ)។ ៣.ម៉ូតូម៉ាក YAMAHA FILANO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់,​ ៤.កូនសោរម៉ូតូចំនួន០២គ្រាប់ ៕

CATEGORIES
Share This