ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅ តុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថាជនសង្ស័យខាងលើមាន ៖ ១-ឈ្មោះ រិទ្ធ សីហា (ស្នា) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-,ឈ្មោះ យិន ថាណយ(ពៅ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទាំង២នាក់ ត្រូវបានកម្លាំងជំនាញ បង្ក្រាបឃាត់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។
លោកបន្តថា តាមការបញ្ជាក់ពីជនរងគ្រោះ ទី១-ឈ្មោះ ថន ចាន់ធឿន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតបានរៀបរាប់ថា នៅវេលាម៉ោងប្រហែល២៣និង០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ គាត់បានចតម៉ូតូម៉ាកZOOMER.X ពណ៍ត្រួយចេក ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបាត់ដំបង 1X-8805 ទុកនៅមុខបន្ទប់ជួល ហើយបានឡើងទៅដេកនៅជាន់លើ រហូតដល់ម៉ោងប្រហែល១១ថ្ងៃត្រង់ ចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ គាត់បានចុះមករកម៉ូតូស្រាប់តែបាត់ ។ ចំណែកជនរងគ្រោះទី២ ឈ្មោះ YALOM PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល០៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានចតម៉ូតូម៉ាក ZOOMER.X ពណ៍ក្រហម គ្មានផ្លាកលេខ ទុកនៅមុខបន្ទប់ស្នាក់នៅជាប្រចាំ លុះដល់ព្រឹកឡើង ស្រាប់តែបាត់ម៉ូតូខាងលើពីមុខបន្ទប់តែម្ដង ។
ករណីនេះ សមត្ថកិច្ចបាន ដកហូតវត្ថុតាង រួមមាន ៖ ១.ម៉ូតូម៉ាក ZOOMER.X ពណ៌ក្រហម លាយខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (ប្រគល់ឲ្យម្ចាស់ដើមវិញ), ២.ម៉ូតូម៉ាក ZOOMER.X ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ ចំនួន០១គ្រឿង(ប្រគល់ឱ្យម្ចាស់ដើមវិញ)។ ៣.ម៉ូតូម៉ាក YAMAHA FILANO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់, ៤.កូនសោរម៉ូតូចំនួន០២គ្រាប់ ៕