ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនពាន់អង្គនាក់ ចូលរួមដង្ហែរក្បួនបុណ្យវិសាខបូជា
បាត់ដំបង ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណជាច្រើនពាន់អង្គនាក់ បានចូលរួមដង្ហែរក្បួនក្នុងពិធីបុណ្យវិសាខបូជា ដែលប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនះ ក្រុងបាត់ដំបង ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង គោលបំណងដើម្បីរៀបចំសក្ការៈបូជា ក្នុងថ្ងៃពេញបូរណ៍មី ខែពិសាខ រំឭកដល់ មហានក្ខត្តសម័យ ទាំងបីដែលក្នុងនោះមាន ៖ ទី១ គឺជាថ្ងៃដែលបានកើតឡើងក្នុងសាសនា ព្រះមហាសមណគោត្តម ព្រះបរមគ្រូនៃយើង ដែលព្រះពោធិសត្វ ព្រះនាម សិទ្ធត្ថ ដែលជាបុត្ររបស់ព្រះបាទ សុទ្ទោទន:និងព្រះនាងសិរី មហាមាយាទេវី ទ្រង់ប្រសូត្រ ចាកព្រះគក៍នៃព្រះវរមាតា ក្នុងថ្ងៃសុក្រពេញបូរណ៍មី ខែពិសាខ ឆ្នាំចរ វេលាថ្ងៃត្រង់មុនពុទ្ធសករាជ៨០ឆ្នាំ ក្នុងលុម្ពិនីឧទ្យាន ចន្លោះក្រុងកបិលភស្តុនិងក្រុងទេវទហ: ហើយព្រះសម្មាសម្ពុទ្ធប្រសូត្រមានសេចក្ដីអស្ចារ្យយ៉ាងច្រើនមាន៖ទឹកត្រជាក់១ទឹកក្តៅ១ហូរធ្លាក់មកលើអាកាស មកសាងជម្រុះមន្ទិល ព្រះពោធិសត្វ ក្រោយពីចុះចាកដៃស្រីស្នំ ហើយបានដើរ៧ជំហាន រួចឈរឈប់ហ្នឹង បែរព្រះភក្ត្រ ទៅទិសឧត្តរទ្រង់ពន្លឺឧទាន ប្រែពីបាលីថា យើងជាកំពូលនៃលោក ជាបុគ្គលប្រសើរលើសគេក្នុងលោក ជាចម្បងលើសគេក្នុងលោក ជាតិនេះជាកំណើតចុងក្រោយរបស់យើង អំណេះតទៅមុខយើងលេងកើតទៀតហើយ ។ ទី២ គឺជាថ្ងៃដែលព្រះពោធិសត្វ ទ្រង់បានត្រាស់ដឹងនូវចតុរារិយ: សច្ចធម៌ ក្នុងថ្ងៃពុធ ពេញបូរណ៍មី ខែពិសាខ ឆ្នាំរកា មុនពុទ្ធសករាជ៤៥ឆ្នាំវេលាជិតភ្លឺ ក្រោមដើមពោធិ៍ព្រឹក្សក្នុងគយាសីស:ប្រទេស មុនពេលព្រះអង្គត្រាស់ដឹងជាព្រះសព្វញ្ញូពុទ្ធ ក្រៅពីសាងព្រះបារមី សែនកោដិជាតិនោះនៅជាតិចុងក្រោយ ព្រះអង្គបានលះបង់ព្រះនគរ លះបង់ក្រុមគ្រួសារ និងកូនជាទីស្រលាញ់ចូលទៅកាន់ព្រៃក្នុងជន្មាយុ២៩ព្រះវស្សាដើម្បីស្វែងរកធម៌សង្រ្គោះសត្វលោក ហើយព្រះអង្គយាងពីតំបន់មួយទៅតំបន់មួយ ពីនិគមមួយទៅនិគមមួយ ពីអាចារ្យមួយទៅអាចារ្យមួយ ពីអាហារឆ្ងាញ់ៗទៅគ្មានអាហាររហូតសន្លប់លើផែនប្រឹថពី សេចក្ដីតស៊ូចំពោះការលំបាកសព្វគ្រប់អស់រយៈពេល៦ឆ្នាំទើបព្រះអង្គត្រាស់ដឹងជាព្រះពុទ្ធ នៅថ្ងៃពុធ១៥កើត ខែពិសាខ ឆ្នាំរកា វេលាទៀបភ្លឺក្នុងជន្មាយុ៣៥ព្រះវស្សា ។ ទី៣ គឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ចូលអនុបាទិសេស: និព្វាន ក្នុងថ្ងៃអង្គារ ពេញបូរណ៍មី ខែពិសាខ ឆ្នាំម្សាញ់ វេលាជិតភ្លឺ មុនពុទ្ធសករាជ១ថ្ងៃ ក្រោយពីត្រាស់ដឹងព្រះអង្គបានលះបង់ព្រះកាយពលព្រះអង្គដោយព្រះទ័យមហាករុណាដ៍ធំធេង ប្រោសប្រទានព្រះធម៌ទេសនាដល់សត្វលោក អស់រយៈពេល៤៥ព្រះវស្សាបរិនិព្វាន ចន្លោះដើមរាំង ទាំងធ្វេរ ក្បែរក្រុងកុសិនារា ។
ជាមួយគ្នាទៅនិងពិធីបុណ្យវិសាខបូជានេះដែរ ជាចុងក្រោយ គណអធិបតី ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ក៏បានរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន១០៦៧អង្គផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យវិសាខបូជានេះ ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងក៏ដូចជាទូទាំងប្រទេស តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលបានកំណត់ត្រាអោយដឹងថា បុណ្យវិសាខបូជា និយមគោរពឡើងតាំងពីឆ្នាំ១៨១៧មកម្លេះ ហើយបបុណ្យវិសាខបូជានេះគឺជាបុណ្យធំមួយរបស់ព្រះពុទ្ធសាសនា ដែលប្រទេសនិយមកាន់ព្រះពុទ្ធសាសនា លើសកលលោកប្រារព្ធពិធីបុណ្យមួយនេះមិនដែលខកខានឡើយ ៕