ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនពាន់អង្គនាក់ ចូលរួមដង្ហែរក្បួនបុណ្យវិសាខបូជា

បាត់ដំបង ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណជាច្រើនពាន់អង្គនាក់ បានចូលរួមដង្ហែរក្បួនក្នុងពិធីបុណ្យវិសាខបូជា ដែលប្រព្រឹត្តធ្វើឡើងនៅព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនះ ក្រុង​បាត់ដំបង ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯក​ឧត្ដម​ សុខ លូ អភិបាលខេត្តបាត់ដំបង គោលបំណងដើម្បីរៀបចំសក្ការៈ​បូជា​ ក្នុង​ថ្ងៃ​ពេញ​បូរណ៍មី​ ខែ​ពិសាខ​ រំឭក​ដល់​ មហានក្ខត្តសម័យ​ ទាំង​បី​ដែលក្នុងនោះមាន ៖ ទី១ គឺ​ជា​ថ្ងៃ​ដែល​បាន​កើតឡើង​ក្នុង​សាសនា​ ព្រះមហាសមណគោត្តម​ ព្រះ​បរម​គ្រូ​នៃ​យើង​ ដែល​ព្រះ​ពោធិ​សត្វ​ ព្រះ​នាម​ សិទ្ធត្ថ​ ដែល​ជា​បុត្រ​របស់​ព្រះ​បាទ​ សុទ្ទោទន:​និង​ព្រះ​នាង​សិរី​ មហាមាយា​ទេវី​ ទ្រង់​ប្រសូត្រ​ ចាក​ព្រះ​គក៍​នៃ​ព្រះ​វរមាតា​ ក្នុង​ថ្ងៃ​សុក្រ​ពេញ​បូរណ៍មី​ ខែ​ពិសាខ​ ឆ្នាំ​ចរ​ វេលាថ្ងៃត្រង់មុន​ពុទ្ធ​សករាជ​៨០ឆ្នាំ​ ក្នុង​លុម្ពិនី​ឧទ្យាន​ ចន្លោះ​ក្រុង​កបិលភស្តុ​និង​ក្រុង​ទេវទហ:​ ហើយ​ព្រះ​សម្មាសម្ពុទ្ធ​ប្រសូត្រ​មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ច្រើន​មាន​៖ទឹក​ត្រជាក់​១ទឹក​ក្តៅ​១​ហូរ​ធ្លាក់​មក​លើ​អាកាស​ មក​សាង​ជម្រុះ​មន្ទិល​ ព្រះ​ពោធិ​សត្វ​ ក្រោយ​ពី​ចុះ​ចាក​ដៃ​ស្រី​ស្នំ​ ហើយ​បាន​ដើរ​៧ជំហាន​ រួច​ឈរ​ឈប់​ហ្នឹង​ បែរ​ព្រះ​ភក្ត្រ​ ទៅ​ទិស​ឧត្តរ​ទ្រង់​ពន្លឺ​ឧទាន​ ប្រែ​ពី​បាលីថា​ យើង​ជា​កំពូល​នៃ​លោក​ ជា​បុគ្គល​ប្រសើរ​លើស​គេ​ក្នុង​លោក​ ជា​ចម្បង​លើស​គេ​ក្នុង​លោក​ ជាតិ​នេះ​ជា​កំណើត​ចុង​ក្រោយរបស់​យើង​ អំណេះ​តទៅ​មុខយើង​លេង​កើត​ទៀត​ហើយ​ ។ ទី២ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ពោធិ​សត្វ​ ទ្រង់​បាន​ត្រាស់​ដឹងនូវ​ចតុរារិយ:​ សច្ចធម៌​ ក្នុង​ថ្ងៃ​ពុធ​ ពេញ​បូរណ៍មី​ ខែ​ពិសាខ​ ឆ្នាំ​រកា​ មុន​ពុទ្ធ​សករាជ​៤៥ឆ្នាំ​វេលា​ជិត​ភ្លឺ​ ក្រោម​ដើម​ពោធិ៍​ព្រឹក្ស​ក្នុង​គយាសីស:​ប្រទេស​  មុន​ពេល​ព្រះ​អង្គ​ត្រាស់​ដឹង​ជា​ព្រះ​សព្វ​ញ្ញូពុទ្ធ​ ក្រៅ​ពី​សាង​ព្រះ​បារមី​ សែន​កោដិ​ជាតិ​នោះ​នៅ​ជាតិ​ចុង​ក្រោយ​ ព្រះ​អង្គ​បាន​លះបង់​ព្រះ​នគរ​ លះបង់​ក្រុម​គ្រួសារ​ និង​កូន​ជា​ទី​ស្រលាញ់​ចូល​ទៅ​កាន់​ព្រៃ​ក្នុង​ជន្មាយុ​២៩ព្រះវស្សា​ដើម្បី​ស្វែង​រក​ធម៌សង្រ្គោះ​សត្វ​លោក​ ហើយព្រះ​អង្គ​យាង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ពី​និគម​មួយ​ទៅ​និគម​មួយ​ ពី​អាចារ្យ​មួយ​ទៅ​អាចារ្យ​មួយ​ ពី​អាហារ​ឆ្ងាញ់​ៗ​ទៅ​គ្មាន​អាហាររហូតសន្លប់​លើ​ផែន​ប្រឹថពី​ សេចក្ដី​តស៊ូ​ចំពោះ​ការ​លំបាក​សព្វ​គ្រប់​អស់​រយៈពេល​៦ឆ្នាំ​ទើប​ព្រះ​អង្គ​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ នៅ​ថ្ងៃ​ពុធ​១៥កើត ខែ​ពិសាខ​ ឆ្នាំ​រកា​ វេលា​ទៀប​ភ្លឺ​ក្នុង​ជន្មាយុ​៣៥ព្រះវស្សា​ ។ ទី៣ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ចូលអនុបាទិសេស: និព្វាន​ ក្នុង​ថ្ងៃ​អង្គារ​ ពេញ​បូរណ៍មី​ ខែ​ពិសាខ​ ឆ្នាំ​ម្សាញ់​ វេលា​ជិត​ភ្លឺ​ មុន​ពុទ្ធ​សករាជ​១ថ្ងៃ​ ក្រោយ​ពី​ត្រាស់​ដឹងព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយ​ពលព្រះ​អង្គដោយ​ព្រះ​ទ័យ​មហាករុណាដ៍​ធំ​ធេង​ ប្រោស​ប្រទាន​ព្រះ​ធម៌ទេសនា​ដល់​សត្វ​លោក​ អស់​រយៈ​ពេល​៤៥ព្រះ​វស្សា​បរិនិព្វាន​ ចន្លោះ​ដើម​រាំង​ ទាំង​ធ្វេរ​ ក្បែរ​ក្រុង​កុសិនារា ។

ជាមួយគ្នាទៅនិងពិធីបុណ្យវិសាខបូជានេះដែរ ជាចុងក្រោយ គណអធិបតី ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ក៏បានរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន១០៦៧អង្គផងដែរ ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យវិសាខបូជានេះ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាត់​ដំបង​ក៏​ដូចជា​ទូទាំង​ប្រទេស​ តែង​តែ​ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំទៅតាមទំនៀមទម្លាប់​ព្រះ​ពុទ្ធសាសនា​ ដែល​បាន​កំណត់​ត្រា​អោយ​ដឹង​ថា​ បុណ្យវិសាខបូជា​ និយម​គោរព​ឡើង​តាំងពី​ឆ្នាំ​១៨១៧មកម្លេះ​ ហើយ​បបុណ្យវិសាខបូជា​នេះ​គឺ​ជា​បុណ្យ​ធំ​មួយរបស់ព្រះពុទ្ធសាសនា ដែល​ប្រទេស​និយម​កាន់​ព្រះ​ពុទ្ធសាសនា​ លើ​សកលលោក​ប្រារព្ធ​ពិធី​បុណ្យមួយនេះមិន​ដែល​ខកខាន​ឡើយ​ ៕

CATEGORIES
Share This