ក្រុមក្មេងបង្ហោះម៉ូតូ បង្កការរិះគន់លើបណ្តាញសង្គម ពេលនេះត្រូវបានសមត្ថកិច្ច នាំខ្លួន០៣នាក់

បាត់ដំបង ៖ ក្រុមក្មេងបង្ហោះម៉ូតូ បង្កការរិះគន់ពីមហាជននៅលើបណ្តាញសង្គម ពេលនេះត្រូវសមត្ថកិច្ចនគរ​បាល​ស្រុកសង្កែ ដឹកនាំដោយលោកវរសេនី​យ៍ទោ​ យុត​ តុងហូ​ ចុះស្រាវជ្រាវនាំខ្លួនចំនួន០៣នាក់ យកមកអប់រំណែនាំនៅរសៀលថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២​០២៣​ ។

យោងតាមការចេញផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង បានបញ្ជាក់ថា ក្មេងបង្ហោះម៉ូតូទាំង០៣នាក់ រស់នៅក្នុងឃុំកំពង់ព្រៀង​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ដែលក្មេងទាំងបីនាក់ខាងលើកាលពីថ្ងៃទី​១៧ ខែ​ឧសភាឆ្នាំ២០២៣​ ពួកគេបានធ្វើសកម្មភាពដោយជិះម៉ូតូបង្ហោះតាមដង​ផ្លូវ​សាធារណៈ បង្កឱ្យមានការរិះគន់ពីមហាជនពីគ្រប់មជ្ឈដ្ឋានក្នុងបណ្តាញសង្គម ។

ក្រោយឃេីញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ធ្វេីការស​ហការជាមួយក្រុមការងារព័ត៌​មាននិងប្រតិ​កម្មរហ័សនៃស្នងការដ្ឋានស្រាវជ្រាវរកក្រុមក្មេងនេះជាបន្ទាន់​ រហូតនៅរសៀលថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២​០២៣​នេះ ទើបកំណត់បានមុខសញ្ញា និងឈានដល់ការនាំខ្លួនទាំង០៣នាក់មកធ្វេីការសាកសួរ ។

ក្រោយពីធ្វើការសាកសួរ ពួកគេសុទ្ធតែបានទទួលស្គាល់នូវកំហុស​ ចំពោះសកម្មភា​ព​ដែលសង្គមមិនឱ្យតម្លៃ​ ហេីយបានប្តេជ្ញា​ថា ឈប់ប្រព្រឹត្តិនូវសកម្មភាពបែប​នេះបន្តទៀត និងសូមយុវជនកុំយកគំរូតាមចំពោះសកម្មភាពមិនល្អរបស់ពួកគេ ៕
ដោយ ៖ សាលី

CATEGORIES
Share This