ក្រុមក្មេងបង្ហោះម៉ូតូ បង្កការរិះគន់លើបណ្តាញសង្គម ពេលនេះត្រូវបានសមត្ថកិច្ច នាំខ្លួន០៣នាក់
បាត់ដំបង ៖ ក្រុមក្មេងបង្ហោះម៉ូតូ បង្កការរិះគន់ពីមហាជននៅលើបណ្តាញសង្គម ពេលនេះត្រូវសមត្ថកិច្ចនគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ចុះស្រាវជ្រាវនាំខ្លួនចំនួន០៣នាក់ យកមកអប់រំណែនាំនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
យោងតាមការចេញផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្មេងបង្ហោះម៉ូតូទាំង០៣នាក់ រស់នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលក្មេងទាំងបីនាក់ខាងលើកាលពីថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ ពួកគេបានធ្វើសកម្មភាពដោយជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ បង្កឱ្យមានការរិះគន់ពីមហាជនពីគ្រប់មជ្ឈដ្ឋានក្នុងបណ្តាញសង្គម ។
ក្រោយឃេីញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ធ្វេីការសហការជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានស្រាវជ្រាវរកក្រុមក្មេងនេះជាបន្ទាន់ រហូតនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ទើបកំណត់បានមុខសញ្ញា និងឈានដល់ការនាំខ្លួនទាំង០៣នាក់មកធ្វេីការសាកសួរ ។
ក្រោយពីធ្វើការសាកសួរ ពួកគេសុទ្ធតែបានទទួលស្គាល់នូវកំហុស ចំពោះសកម្មភាពដែលសង្គមមិនឱ្យតម្លៃ ហេីយបានប្តេជ្ញាថា ឈប់ប្រព្រឹត្តិនូវសកម្មភាពបែបនេះបន្តទៀត និងសូមយុវជនកុំយកគំរូតាមចំពោះសកម្មភាពមិនល្អរបស់ពួកគេ ៕
ដោយ ៖ សាលី