បង្ក្រាបទីតាំងល្បែងជល់មាន់ មួយកន្លែង ឃាត់ខ្លួនមនុស្ស ជិត២០នាក់
បាត់ដំបង ៖ ទីតាំងល្បែងជុលមាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាប ឃាត់ខ្លួនបានមនុស្ស ជិត២០នាក់ ។
ប្រតិបត្តិការ ខាងលើធ្វើឡើងនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបានធ្វេីការនាំខ្លួនមនុស្សចំនួន ១៩នាក់ និងច្រើននាក់ផ្សេងទៀតរត់គេចខ្លួនបាត់ ។
ប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ ចំនួន ១៦គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ០១គ្រឿង, កៅស៊ូ សង្វៀនជល់មាន់ ចំនួន ០៦ដុំ, កំសៀវ ដាំទឹកសម្រាប់ស្អំមាន់ជល់ ០១, នាឡិកាកំណត់នាទី ចំនួន ០១គ្រឿង ។
ក្រោយពីឃាត់ខ្លួន មនុស្សនិងវត្ថុតាងបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី