បង្ក្រាបទីតាំងល្បែងជល់​មាន់ មួយកន្លែង ឃាត់ខ្លួនមនុស្ស ជិត២០នាក់ 

បាត់ដំបង ៖ ទីតាំងល្បែងជុលមាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាប ឃាត់ខ្លួនបានមនុស្ស ជិត២០នាក់ ។

ប្រតិបត្តិការ ខាងលើធ្វើឡើងនៅ​វេលាម៉ោង​ ១២និង៤៥​នាទី​ ថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅ​ចំណុច​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង ។

លោក​វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានអោយដឹងថា ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្ត​តាម​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង ក៏ដូចជា​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និងមាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​​ ដោយបាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ១៩​នាក់ និងច្រើននាក់ផ្សេងទៀតរត់គេចខ្លួនបាត់ ។

ប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង​​រួម​មាន​ ៖ ម៉ូតូ​ ចំនួន​ ១៦​គ្រឿង​, ជញ្ជីងសម្រាប់​ថ្លឹងមាន់​ជល់​ ០១គ្រឿង, កៅស៊ូ​ សង្វៀន​ជល់មាន់​ ចំនួន​ ០៦​ដុំ, កំសៀវ​ ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ ០១​, នាឡិកា​កំណត់​នាទី​ ចំនួន​ ០១​គ្រឿង​ ។

ក្រោយពីឃាត់ខ្លួន មនុស្សនិងវត្ថុតាងបច្ចុប្បន្ន​ត្រូវបានការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕
ដោយ ៖ សាលី

CATEGORIES
Share This