ហាម​មិន​ឱ្យ​ជក់បារី​ក្នុង​ជណ្ដើរយន្ត បុរស​ចិន​ម្នាក់​ស្ទុះ​ប្រើ​ហិ​ង្សា​លើ​សន្ដិសុខ​ផ្អើល​ពេញ​អគារ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់​ពី​ប្រើ​អំពើ​ហិ​ង្សា​ទៅ​លើ​សន្តិសុខ​យាម​អគារ The Bridge ដែល​បាន​ហាមឃាត់​បុរស​ជនជាតិ​ចិន​នោះ​មិន​ឲ្យ​ជក់បារី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ ​និង​២៨​នាទី​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​អគារ The Bridge ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត​មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ជណ្តើរយន្ត​ប្រអប់ រួច​ក៏​ដក​បារី​មក​ជក់​នៅ​ក្នុង​ជណ្តើរយន្ត​។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ដែល​ជា​សន្តិសុខ​យាម​អគារ​ខាងលើ បាន​ចូល​ទៅ​ឃាត់​បុរស​ជនជាតិ​ចិន ដោយ​ហាម​មិន​ឲ្យ​មានការ​ជក់បារី​នៅ​ក្នុង​បន្ទប់​ជណ្តើរយន្ត​ទេ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ឃាត់​មិន​ឱ្យ​ជក់បារី បុរស​ជនជាតិ​ចិន​នោះ​បាន​ប្រឆាំង រួច​ច្រឡោតខឹង​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​សន្តិសុខ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង តែ​មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។ ព្រោះថា នៅ​ពេល​កើត​មានរឿង​នេះ បុរស​ជនជាតិ​ចិន​រូប​នេះ ត្រូវ​បាន​ក្រុម​សន្តិសុខ​ឃាត់ខ្លួន និង​ទាក់ទង​ទៅ​កាន់​អាវុធហត្ថ​ខណ្ឌ ដើម្បី​ចុះ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ ចុះ​មក​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ រួច​នាំ​ខ្លួន​ទៅ​កាន់​អាវុធហត្ថ​ខណ្ឌ​ចំការ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕

CATEGORIES
Share This