ហាមមិនឱ្យជក់បារីក្នុងជណ្ដើរយន្ត បុរសចិនម្នាក់ស្ទុះប្រើហិង្សាលើសន្ដិសុខផ្អើលពេញអគារ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើសន្តិសុខយាមអគារ The Bridge ដែលបានហាមឃាត់បុរសជនជាតិចិននោះមិនឲ្យជក់បារី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២៨នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចអគារ The Bridge ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័តមាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បានដើរចូលទៅក្នុងបន្ទប់ជណ្តើរយន្តប្រអប់ រួចក៏ដកបារីមកជក់នៅក្នុងជណ្តើរយន្ត។ ភ្លាមៗនោះ ជនរងគ្រោះដែលជាសន្តិសុខយាមអគារខាងលើ បានចូលទៅឃាត់បុរសជនជាតិចិន ដោយហាមមិនឲ្យមានការជក់បារីនៅក្នុងបន្ទប់ជណ្តើរយន្តទេ។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីឃាត់មិនឱ្យជក់បារី បុរសជនជាតិចិននោះបានប្រឆាំង រួចច្រឡោតខឹងយ៉ាងខ្លាំង រហូតឈានដល់ការប្រើអំពើហិ.ង្សាទៅលើសន្តិសុខ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ព្រោះថា នៅពេលកើតមានរឿងនេះ បុរសជនជាតិចិនរូបនេះ ត្រូវបានក្រុមសន្តិសុខឃាត់ខ្លួន និងទាក់ទងទៅកាន់អាវុធហត្ថខណ្ឌ ដើម្បីចុះធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ផ្អើលដល់កម្លាំងអាវុធហត្ថ ចុះមកឃាត់ខ្លួនបុរសជនជាតិចិនខាងលើ រួចនាំខ្លួនទៅកាន់អាវុធហត្ថខណ្ឌចំការ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់៕