បណ្ឌិតសភាចារ្យ ហង់​ ជួនណារ៉ុន​ ៖ ការធ្វេីកំណែទម្រង់ ឧត្តមសិក្សា​ ក្រសួងបានដាក់ចេញនូវរបៀបវរៈ ដោយផ្តោតលេីចំនុចសំខាន់ៗ ៥

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់​ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ជា​ សឿន​ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ​បានលើកឡើងថា ការធ្វេីកំណែទម្រង់ឧត្តមសិក្សា​ ក្រសួងបានដាក់ចេញនូវ របៀបវរៈដោយផ្តោតលេីចំណុចសំខាន់ៗ ចំនួន៥ ។

របៀបវរៈដោយផ្តោតលេីចំនុចសំខាន់ៗ ចំនួន៥ មានដូចជា​ ៖​ ១-ពង្រឹងការគ្រប់គ្រង​ រៀបចំឱ្យគ្រឹះស្ថានឧត្តមសិក្សា​ ក្លាយជាគ្រឹះស្ថានសិក្សាសាធារណៈ រដ្ឋបាល​ ដែលមានការទទួលខុសត្រូវ​ កំណត់ចក្ខុវិ​ស័យ​ ឆ្លេីយតបទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាល,​ ២-ការពិនិត្យឡេីងវិញ នូវកម្មវិធីសិក្សាឆ្លេីយតបទៅនឹងតម្រូវការទីផ្សារ​ការងារ​ ឱ្យសមសម្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា​ នីតិកាលថ្មី,​ ៣-​ការលេីកកម្ពស់គុណវឌ្ឍន៍របស់សាស្រ្តាចារ្យ​ ជាពិសេសការបណ្តុះបណ្តាល​ ផ្តល់ឱកាសឱ្យសាស្រ្តាចារ្យនៅកម្រិតឧត្តមសិក្សា​ ផ្តល់អាហារូបករណ៍សិក្សាទាំងក្នុង​ និងក្រៅប្រទេស,​ ៤-ការកែលម្អ​ ការរៀន​ និងការបង្រៀន​ ឱ្យពិនិត្យឡេីងវិញនូវវិធីសាស្រ្តបង្រៀន​ ធានាបានការបង្រៀនឱ្យមានគុណភាពខ្ពស់​ ប្រេីប្រាស់វិធីសាស្រ្តទំនេីប​ បច្ចេកវិទ្យា​ ដេីម្បីធ្វេីយ៉ាងណាការសិក្សាមានគុណភាពខ្ពស់​ នៅក្នុងបរិបទថ្មី​ គឺការអប់រំ​ ឌីជីថល​ និងទី៥-ការលេីកកម្ពស់គុណភាពផ្ទៃក្នុង​ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវ ប្រតិភូអមដំណេីរ​ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ មន្ទីរ​ អង្គភាព​ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត​សាស្ត្រាចារ្យ​ និស្សិតបានចូលរួម​ ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ​ សាកលវិទ្យាល័យជាតិ​ មានជ័យ​ ស្ថិតនៅភូមិបាណយ​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

ឆ្លើយតបទៅនឹងការប្រកាស​ចូលកាន់តំណែងនេះ ឯកឧត្តម​ ជា​ សឿន​ បានប្តេជ្ញាខិតខំអនុវត្តតួនាទីភារៈកិច្ច​ គោរពទៅតាមបទបញ្ញតិ​ វិស័យរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួន​ខិតខំកសាងអង្គភាពឱ្យកាន់តែរីកចម្រេីនទៅមុខជាលំដាប់ ។ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន អង្គការ និងស្ថាប័ននានា ទាំងក្នុង​ និងក្រៅប្រទេស ដើម្បីស្វែងរកការងារដល់និស្សិតដែលបញ្ចប់ការសិក្សា​ ឬជាកន្លែងកម្មសិក្សាអនុវត្តជាដេីម ។

សូមបញ្ជាក់ថា​ សាកលវិទ្យាល័យ​ជាតិ​មានជ័យ​ ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ ចំនួននិស្សិតកើនឡើងរហូតដល់ ១,៨០៩នាក់ ដែលមានចំនួនច្រើនជាង៥ដង ធៀបនឹងឆ្នាំសិក្សា ២០១៨-២០១៩ ដែលមានត្រឹមតែ ៣៥៦នាក់ ជាដំណាក់កាលមុនកំណែទម្រង់ឆ្នាំ២០២០ ៕

CATEGORIES
Share This