បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ៖ ការធ្វេីកំណែទម្រង់ ឧត្តមសិក្សា ក្រសួងបានដាក់ចេញនូវរបៀបវរៈ ដោយផ្តោតលេីចំនុចសំខាន់ៗ ៥
បន្ទាយមានជ័យ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ជា សឿន ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យបានលើកឡើងថា ការធ្វេីកំណែទម្រង់ឧត្តមសិក្សា ក្រសួងបានដាក់ចេញនូវ របៀបវរៈដោយផ្តោតលេីចំណុចសំខាន់ៗ ចំនួន៥ ។
របៀបវរៈដោយផ្តោតលេីចំនុចសំខាន់ៗ ចំនួន៥ មានដូចជា ៖ ១-ពង្រឹងការគ្រប់គ្រង រៀបចំឱ្យគ្រឹះស្ថានឧត្តមសិក្សា ក្លាយជាគ្រឹះស្ថានសិក្សាសាធារណៈ រដ្ឋបាល ដែលមានការទទួលខុសត្រូវ កំណត់ចក្ខុវិស័យ ឆ្លេីយតបទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាល, ២-ការពិនិត្យឡេីងវិញ នូវកម្មវិធីសិក្សាឆ្លេីយតបទៅនឹងតម្រូវការទីផ្សារការងារ ឱ្យសមសម្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា នីតិកាលថ្មី, ៣-ការលេីកកម្ពស់គុណវឌ្ឍន៍របស់សាស្រ្តាចារ្យ ជាពិសេសការបណ្តុះបណ្តាល ផ្តល់ឱកាសឱ្យសាស្រ្តាចារ្យនៅកម្រិតឧត្តមសិក្សា ផ្តល់អាហារូបករណ៍សិក្សាទាំងក្នុង និងក្រៅប្រទេស, ៤-ការកែលម្អ ការរៀន និងការបង្រៀន ឱ្យពិនិត្យឡេីងវិញនូវវិធីសាស្រ្តបង្រៀន ធានាបានការបង្រៀនឱ្យមានគុណភាពខ្ពស់ ប្រេីប្រាស់វិធីសាស្រ្តទំនេីប បច្ចេកវិទ្យា ដេីម្បីធ្វេីយ៉ាងណាការសិក្សាមានគុណភាពខ្ពស់ នៅក្នុងបរិបទថ្មី គឺការអប់រំ ឌីជីថល និងទី៥-ការលេីកកម្ពស់គុណភាពផ្ទៃក្នុង ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវ ប្រតិភូអមដំណេីរ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តសាស្ត្រាចារ្យ និស្សិតបានចូលរួម ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ សាកលវិទ្យាល័យជាតិ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឆ្លើយតបទៅនឹងការប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ជា សឿន បានប្តេជ្ញាខិតខំអនុវត្តតួនាទីភារៈកិច្ច គោរពទៅតាមបទបញ្ញតិ វិស័យរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួនខិតខំកសាងអង្គភាពឱ្យកាន់តែរីកចម្រេីនទៅមុខជាលំដាប់ ។ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន អង្គការ និងស្ថាប័ននានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីស្វែងរកការងារដល់និស្សិតដែលបញ្ចប់ការសិក្សា ឬជាកន្លែងកម្មសិក្សាអនុវត្តជាដេីម ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិមានជ័យ ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ ចំនួននិស្សិតកើនឡើងរហូតដល់ ១,៨០៩នាក់ ដែលមានចំនួនច្រើនជាង៥ដង ធៀបនឹងឆ្នាំសិក្សា ២០១៨-២០១៩ ដែលមានត្រឹមតែ ៣៥៦នាក់ ជាដំណាក់កាលមុនកំណែទម្រង់ឆ្នាំ២០២០ ៕