ពលរដ្ឋទីទ័លក្រ រងគ្រោះដោយសារខ្យល់កន្ត្រាក់ ១០គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ពលរដ្ឋទីទ័លក្ររងគ្រោះដោយសារខ្យល់កន្ត្រាក់ ១០គ្រួសារ នៅក្នុងឃុំចង្ហា និងឃុំសំរោង ប្រារព្ធ ធ្វើឡើង នៅបរិវេណសាលា ចង្ហា ស្រុកអូរជ្រៅ។
លោក កែវ តារារស្មី ប្រធានអនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៦.០៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥កន្លងទៅ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង បន្ទប់ទឹក ១ខ្នង៦បន្ទប់, ជង្រុក២ខ្នង និងរោងចំនួន៤ខ្នង ខូចខាតស័ង្កសីសរុបចំនួន២២៦សន្លឹក លើឃុំចំនួន២គឺឃុំចង្ហា ប៉ះពាល់ផ្ទះសរុប ចំនួន១២ខ្នង, ជង្រុក២ខ្នង និងរោងចំនួន៤ខ្នង ខូចខាតស័ង្កសីសរុបចំនួន ១៦៧សន្លឹក លើភូមិចំនួន៣, ចំណែកឃុំសំរោង ប៉ះពាល់ផ្ទះសរុបចំនួន២ខ្នង បន្ទប់ទឹកវត្តវត្តអញ្ចាញ ចំនួន ១ខ្នង ៦បន្ទប់ ខូចខាតស័ង្កសីសរុបចំនួន ៥៩សន្លឹក លើភូមិចំនួន២។
លោកបន្តថា ក្នុងចំណោមពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់ កន្ត្រាក់ មាន១០គ្រួសារ ជាគ្រួសារតែមានជីវភាពទីទ័លក្រ ដែលទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះដោយសារខ្យល់កន្ត្រាក់ដោយក្ដីនឹករឭក។ ជាមួយគ្នានោះឯកឧត្តម ក៏បានសម្ដែងក្ដីសោកស្ដាយចំពោះបាតុភូតធម្មជាតិដែលបានធ្វើឱ្យផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្ដម បន្តថា បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិខ្យល់ ក្រុមការងារក៏បានធ្វើការជួសជុលជូនរួចរាល់ផងដែរ ក្នុងចំណោមពលរដ្ឋរងគ្រោះ ក៏មានបងប្អូនពលរដ្ឋចំនួន១០គ្រួសារ ដែលមានជីវភាពទីទ័លក្រ ក៏ទទួលបានអំណោយពីសាខាកាកបាទក្រងមកម្ពុជាខេត្តសម្រាប់សម្រួលដល់ការចំណាយប្រចាំថ្ងៃផងដែរ។
ឯកឧត្ដមបញ្ជាក់ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែគិតគូរយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនពលរដ្ឋជាខ្លាំង ទោះស្ថិតនៅទីណា កន្លែងណាក៏ដោយ ពេលរដ្ឋមានទុក្ខតែងមានមុខកាកបាទក្រហមទៅដល់ទីនោះជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងទុក្ខស្លាប់ដោយអត់អាហារនោះឡើយ ពោលកាកបាទក្រហមកម្ពុជា នៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ ដោយគ្មានការរើសអើងនិន្នាការ នយោបាយ ពូជសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។
សូមបញ្ជាក់ថា ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្ដាក់ទាំង១០គ្រួសារ (ឃុំចង្ហា៩គ្រួសារ និងឃុំសំរោង១គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១ រួមនឹងថវិកា ២ម៉ឺនរៀល៕











