សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្តនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់គ្រួសារទីទ័លក្រ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ២៣គ្រួសារ
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្តនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់គ្រួសារទីទ័លក្រ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នៅស្រុកមង្គលបូរី ចំនួន១៦គ្រួសារ ក្នុងឃុំស្រះរាំង ក្នុងនោះក៏មានមួយគ្រួសាដែលទទួលរងគ្រោះអគ្គីភ័យ ឆេះផ្ទះ មួយគ្រួសារ និងក្រុងសិរីសោភ័ណ ក្នុងសង្កាត់ម្កាក់ ៧គ្រួសារ។
ការនាំយកអំណោយនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តយសសាខា ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែងនៅផ្ទះមួយខ្នងដែលបានដួលរលំទាំងស្រុងដោយសារខ្យល់កន្ត្រាក់ និងបានចាត់ចែងដោយក្រុមការងារ និងជាង សំដៅធ្វេីយ៉ាងណាសាងសង់ឡេីងវិញឱ្យឆាប់បានរួចរាល់ ដោយឯកឧត្តមក៏បានឧមត្ថម្ភថវិកាផ្ទាល់ខ្លួន២លានរៀល សម្រាប់ការសាងសង់។
ជាមួយគ្នានោះឯកឧត្តម និងក្រុមការងារក៏បានបន្តដំណើរទៅចុះពិនិត្យមើលផ្ទះមួយខ្នងដែលរងគ្រោះអគ្គិភ័យឆាបឆេះ ដោយសារផ្ទុះសេខ្សែរភ្លើង កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេ សា ឆ្នាំ ២០២៥ នៅភូមិតាចាន់ ឃុំស្រះរាំង មានទំហំ៧គុណ១៥ម៉ែត្រ សង់អំពីថ្ម ដំបូលប្រកក្បឿង ម្ចាស់ផ្ទះរបស់ឈ្មោះ ធៀប គុន ភេទប្រុស អាយុ៦២ឆ្នាំ បន្ទុកក្នុងគ្រួសារ៤នាក់ស្រី៣នាក់។ ជាមួយគ្នានោះឯកឧត្ដម និងក្រុមការងារក៏បានជួយជាថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារអគ្គិភ័យឆាបឆេះ ផ្ទះនូវថវិកាមួយចំនួនបន្ថែមផងដែរ ៕















