ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ត្រូវមន្ត្រីក្រោមឱវាទផ្តិតមេដៃប្តឹងមករដ្ឋមន្ត្រី ក្រោយប្រកាសចូលកាន់តំណែង មិនទាន់បាន៤ខែផង
មណ្ឌលគីរី ៖ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ត្រូវបានមន្ត្រីក្រោមឱវាទផ្តិតមេដៃប្តឹងទៅលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យដកចេញពីតំណែងប្រធានមន្ទីរ ក្រោយប្រកាសចូលកាន់តំណែងមិនទាន់បាន៤ខែស្រួលបួលផង។
នៅក្នុងលិខិតដែលដាក់ជូនទៅលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានស្នាមមេដៃមន្ត្រីប្រមាណ១៩នាក់ ដែលអង្គភាព ៉ខ្មែរពិត ៉ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបតែងតាំងថ្មី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តាមអនុក្រឹត្យ លេខ ៦២/ អនក្រ.តត នោះទេ ដោយប្រធានរូបនេះ ៖
១.មានការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំមន្ទីរ នាំឱ្យមានការថ្នាំងថ្នាក់ពីថ្នាក់ដឹកនាំ ដោយសារតែ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរ ០១រូប ត្រូវទទួលបន្ទុកដឹកនាំដែនជម្រកសត្វព្រៃចំនួន០៥ដែន ហើយ ថែមទាំងដឹកនាំការិយាល័យចំណេះដឹង បន្ថែមមួយទៀត។ ក្រោយពីបានទទួលសិទ្ធិជាអនុប្រធានមន្ទីរទទួល បន្ទុកដែនជម្រករួចមក លោកអនុប្រធានមន្ទីរបានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្ត ដោយមិនមានកិច្ច ប្រជុំឆ្លងយោបល់ពីប្រធានការិយាល័យដែននោះទេ។ ការដឹកនាំបែបនេះ ជាការរំលោភបំពានសិទ្ធិអំណាច របស់ការិយាល័យរដ្ឋបាល ធនធានមនុស្សនិងហិរញ្ញវត្ថុ។
២.លោកប្រធានមន្ទីរ ធ្វើសំណើទៅរដ្ឋបាលខេត្តស្នើសុំផ្លាស់ប្តូរមន្ត្រីពីការិយាល័យមួយទៅ ការិយាល័យមួយ ទាំងដែលមិនបានប្រជុំវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរ ទាំងដែលគាត់មិនទាន់បានស្គាល់ឈ្មោះ នឹងស្គាល់មន្ត្រីអស់ផង ដោយមិនស្របតាមនិតិវិធីដែលផ្ទុយពីគោលការណ៍វិភាគមុខងារ របស់ក្រសួងបរិស្ថាន និងក្រសួងមុខងារសាធារណៈ ជាក់ស្តែងដូចជាករណី ដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ឱ្យមកបម្រើការងារជាអនុប្រធានការិយាល័យគាំពារបរិស្ថានវិញ។
៣.ការដឹកនាំបែបចាប់កំហុសមន្ត្រី ដូចជាការចុះទៅតាមដែននិមួយៗ លបទៅដោយមិនបានប្រាប់មន្ត្រី ឬប្រធានការិយាល័យដែន ដើម្បីឱ្យមានការចូលរួម ជាក់ស្តែងពេលគាត់ចុះទៅដែនស្រែពក បានជួបក្រុមហ៊ុន ឃុនយ័ន្តកំពុងសិក្សារុករករ៉ែមាស ដែលជាក្រុមហ៊ុនមានច្បាប់ ប្រធានមន្ទីរប្រើពាក្យថាចុះពិនិត្យទីតាំងរ៉ែមាស អនាធិបតេយ្យ ដោយមិនបានសួរនាំព័ត៌មានពីមន្ត្រីការិយាល័យស្រែពកណាមលៀរថា ក្រុមហ៊ុននោះមាន ច្បាប់ ឬអត់ច្បាប់ ការដឹកនាំរបៀបនេះហាក់បីដូចជាមន្ត្រីតាមការិយាល័យដែននិមួយៗ មិនចង់សហការណ៍ ជាមួយគាត់។
៤.ការអនុវត្តច្បាប់មិនស្របតាមក្រមបរិស្ថាន ជាក់ស្តែងមានការដោះលែងជនសង្ស័យចំនួន២នាក់ និងរថយន្តសាំងយ៉ុងចំនួន១គ្រឿង ពាក់ព័ន្ធនិងការដឹកជញ្ជូនសត្វព្រៃ (សត្វពង្រូល)
៥.ការប្រើប្រាស់មន្ត្រីមិនស្របទៅតាមច្បាប់សហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល ដោយមានបុគ្គលម្នាក់ ពាក់ឯកសណ្ឋានមន្ត្រីឧទ្យានុរក្ស ដើរធ្វើការជាមួយមន្ត្រីឧទ្យានុរក្សនៅក្នុងខេត្តមណ្ឌលគិរី ដែលមិនមែនជា មន្ត្រីឧទ្យានុរក្សក្របខណ្ឌរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ពាក់ពន្ធ័និងសំណើរនេះ មហាជនកំពុងរងចាំមើលថា តើលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមានចំណាត់ការបែបណាចំពោះប្រធានមន្ទីររូបនេះ គ្រាដែលមន្ត្រីក្រោមឱវាទមិនពេញចិត្តចំពោះការដឹកនាំបែបទំនើងស្រេចតែចិត្ត និងបក្ខពួកនិយមនេះ ៕












ដោយ ៖ ប៊ុត សារុន