ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់វិស័យវប្បធម៌ នឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់
បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នគណៈអភិបាលខេត្ត និងឯកឧត្តម យុត ស្វិនី សមាជិក ក្រុម ប្រឹក្សា ខេត្ត តំណាង ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ទទួលបដិសណ្ឋារកិច្ច លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ អញ្ជើញ មកបំេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញអំពីសក្ដានុពលរបស់ខេត្ត នូវតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ព្រមទាំង បានលើកឡើងអំពីតំបន់ទេសចរណ៍វប្បធម៌ មានប្រាសាទបុរាណជា ដូចជាប្រាសាទបន្ទាយឆ្មារ ដែលមានវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រជាច្រើនជូនដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស កាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកជំទាវ ក៏បានរំឭកអំពីការចុះអនុស្សរណៈនៃការយោគយល់រវាងប្រទេសកម្ពុជា និងហ្វីលីពីន ខណៈ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីននាពេលកន្លងទៅថ្មីៗនេះ។ តាមរយៈ នៃទំនាក់ទំនងនេះលោកជំទាវ ក៏បង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគតប្រទេសកម្ពុជា និងហ្វីលីពីន កាន់តែមានទំនាក់ទំនងកាន់តែជិតស្និត អាចមានការផ្លាស់ប្តូរបច្ចេកទេស និងអ្នកស្រាវជ្រាវផ្នែកវប្បធម៌ ដើម្បីបង្កើនតម្លៃវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសេីរ ។លោកជំទាវ ក៏បានលេីកឡេីង ថា ក្នុងនាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានត្រៀមរួចរាល់ក្នុងការសហការក្នុងការចូលរួមលេីកកម្ពស់វិស័យវប្បធម៌របស់ប្រទេសកម្ពុជា ដោយលោកជំទាវ សង្កេតឃេីញថា វិស័យវប្បធម៌នៅប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ បញ្ជាក់ ពីអត្តសញ្ញាជាតិ។
ជាមួយគ្នានោះលោកជំទាវ ក៏សន្យានឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់ ។ ហេីយក្រៅពីសកម្មភាពនៃការបោសសម្អាតមីន ក៏នឹងជួយគាំទ្រលើកកម្ពស់វិស័យផ្សេងៗដូចជាវិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះប្រតិភូឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រចូលរួមក្នុងការលើកកម្ពស់វិស័យវប្បធម៌នៅក្នុងប្រទេសកម្ពុជាពិសេសទាក់ទិនទៅនឹងសកម្មភាពបោសសម្អាតមីននៅកម្ពុជាសម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ជានិច្ចចំពោះជំនួយរបស់ហ្វីលីពីនដើម្បីជួយដល់កម្ពុជា ។
សូមបញ្ជាក់ថា ច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅត្រីមាសទី១ដើមឆ្នាំ២០២៥ មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ចំនួន៤៩៨.៥០៧ នាក់ ក្នុងនោះទេសចរណ៍ហ្វីលីពីនចំនួន២.២១៤នាក់ និងភ្ញៀវទេសចរណ៍ចូលលេងកាស៊ីណូ ៧២៩.១៧៩នាក់។ រីឯជនបរទេសដែលមាននៅក្នុងប្រព័ន្ធ នៃការធ្វើបណ្ណ និងធ្វើសៀវភៅការងារបញ្ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ មានចំនួន៦.២៤៥នាក់/ស្រីចំនួន១.៩៩៨នាក់ ស្មើនឹង៣៥សញ្ជាតិ ក្នុងនោះមាន ជនជាតិហ្វីលីពីនចំនួន២៤៨នាក់/ស្រីចំនួន១៣០នាក់។ ទន្ទឹមនោះ បុគ្គលិកជាជនបរទេស ដែលធ្វើការនៅតាមកាស៊ីណូមួយចំនួន ក្នុងក្រុងប៉ោយប៉ែត មានចំនួន១.៨០៥នាក់ ក្នុងនោះ បុគ្គលិកជាជនជាតិហ្វីលីពីន១២៦នាក់៕









