​កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ​ចែកអំណោយដល់ពលរដ្ធ​រងគ្រោះ​ដោយខ្យល់​កន្រ្តាក់​ នៅស្រុកភ្នំស្រុក​ និងស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ​ ៖​ ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក​ ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច​ ដោយពុំទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ ។ នេះគឺជាប្រសាសន៍លើកឡើង​ របស់ឯកឧត្តម អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់​ ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ​ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ​ នៅក្នុងស្រុកភ្នំស្រុក​ និង៤គ្រួសារទៀតនៅក្នុងស្រុកព្រះនេត្រព្រះ​ នៅរសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៥។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ មានប្រសាសន៍ថា​ រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះ គឺ បានមកពីការអំពាវនាវ​ កៀងគរ ពីសប្បុរសជននានា​ តាមរយៈកាកបាទក្រហមខេត្ត​ សម្រាប់ធ្វើជាទុន​ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ​ និងងាយរងគ្រោះនិងការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍​ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងការពង្រឹងភាពជាម្ចាស់​ ទាំង​ សមត្ថភាព​ទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ​ ទៅនឹងភាពងាយរងគ្រោះ​ និងបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ​ ពិសេសសូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ​ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះភ្លាមៗ​ បានស្នាក់នៅបន្តទៀតនេះ។នេះបញ្ជាក់ពីវប្បធម៌ខ្មែរជួយខ្មែរ​ ពេលមានទុក្ខលំបាក​ អ្វីដែលសំខាន់បំផុតទៀតនោះគឺការលើកកម្ពស់ទទួលខុសត្រូវរបស់កាកបាទក្រហមបង្ហាញពីការប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង ពង្រីកស្ថាប័នលើវិស័យមនុស្សធម៌ឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះកាកបាទក្រហមត្រូវតែលើកកម្ពស់ស្មារតីអនុវត្តវិធានការនានា ដែលត្រូវតែឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ​ ពិសេសសម្ពាធកម្ដៅ កើនឡើង​ ខ្យល់កន្ត្រាក់ជាដើម ។ អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ​ ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ​ ទឹកត្រី១យួរ​ ឃីត១មួយកញ្ចប់និងថវិកាមួយចំនួន ៕

CATEGORIES
Share This