លោក ហ៊ុន ម៉ានី ផ្តល់អនុសាសន៍៣ចំណុច ដល់សមាជិក សមាជិកាខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តសកម្មភាពបន្ត

កំពង់ស្ពឺ ៖ ក្នុងឱកាសប្រកាសទទួលស្គាល់ សមាសភាពប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី បានដាក់ចេញនូវអនុសាសន៍៣ចំណុច ដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ដើម្បីអនុវត្តសកម្មភាពបន្ត ។

អនុសាសន៍ ទាំង៣ចំណុចខាងលើ រួមមាន ៖ ១-ត្រូវចូលរួមរៀនសូត្រ និងស្តាប់ការដឹកនាំរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងមូលដ្ឋានគ្រប់ជាន់ថ្នាក់ ទស្សនៈ បទពិសោធរបស់ថ្នាក់ដឹកនាំ ដែលជាឱកាសនៃការបង្កើតជាគំនិតមួយ ក្នុងការអភិវឌ្ឍន៍សមត្ថភាព ។ ២-ត្រូវចូលរួមក្នុងសកម្មភាពស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ព្រោះកន្លងមក ស.ស.យ.ក.ធ្លាប់ទទួលបានភាពជោគជ័យយ៉ាងច្រើន ប្រកបដោយភាពទទួលខុសត្រូវ និងការទទួលស្គាល់ពីសំណាក់មហាជនទូទាំងប្រទេស ។ ៣-ត្រូវបន្តអនុវត្តសកម្មភាពដែលជាគំនិតផ្ដួចផ្តើមរបស់ ស.ស.យ.កផ្ទាល់ រួមមានកម្មវិធីនានាដែល ស.ស.យ.ក. បានផ្តួចផ្តើមនិងរៀបចំកន្លងមក ទាំងថ្នាក់មូលដ្ឋាន រាជធានី-ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ ។

ក្រៅពីអនុសាសន៍ ទាំង៣ចំណុចនេះ លោក ហ៊ុន ម៉ានី ក៏បានចែករំលែកជាមួយសមាជិក សមាជិកា ស.ស.យ.ក. ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកាគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំប្រវត្តិសាស្រ្តដែលជាមេរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃនៃសុខសន្តិភាព ។ មួយវិញទៀត សកម្មភាពចំបងក្នុងនាមជាយុវជនកម្ពុជា ត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះ គឺ ប្រជាជាតិនិងប្រជាជន ។

លោក ហ៊ុន ម៉ានី បានក្រើន រំលឹកដល់មន្ត្រីមូលដ្ឋាន គប្បីរក្សាបាននូវយន្តការនៃការកសាងអំពើល្អ ការលើកទឹកចិត្ត ការផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវធ្វើជាគម្រូល្អដល់អ្នកជំនាន់ក្រោយ ។ ជាងនេះត្រូវបន្តឱ្យខិតខំថែរក្សាកេរ្តិ៍មរតក វប្បធម៌ ដែលដូនតាបានបន្សល់ទុកឱ្យ ពិសេសត្រូវរួមគ្នាថែរក្សាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានខិតខំកសាង និងអភិវឌ្ឍឱ្យបានគង់វង្ស ដើម្បីបម្រើឱ្យបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។

ក្នុងពិធីនេះដែរលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមលោកផ្ទាល់ សូមថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងយុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺទាំងអស់ ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្តក្នុងបុព្វហេតុសង្គមប្រកបដោយឆន្ទៈ និងការលះបង់ខ្ពស់ រួមចំណែកគាំទ្រដល់ការបម្រើឱ្យកិច្ចការសង្គម និងការអភិវឌ្ឍនានានៅមូលដ្ឋាន ដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ហើយក៏បានធ្វើការថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន និងផ្តល់ភាពកក់ក្តៅដល់ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងមូលក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តកំពង់ស្ពឺ ក៏ដូចជាសង្គមជាតិយើងទាំងមូល ក្រោមទិសស្លោក«រួមគ្នាដើម្បីកំពង់ស្ពឺ» ។

ជាមួយគ្នានេះដែរ លោក ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានខិតខំរៀបចំរចនាសម្ព័ន្ធ កសាងយុវជនបន្តវេន និងកម្លាំងស្នូលដ៏សំខាន់ៗ ប្រកបដោយមនសិកាក្នុងការតភ្ជាប់ចលនាមហាជន យុវជន សំដៅនូវកម្លាំងមូលធនមនុស្ស ដ៏ទូលំទូលាយដើម្បីចូលរួមរាល់សកម្មភាពសង្គមនិងមនុស្សធម៌សម្រេចបាននូវសមិទ្ធិផលជាច្រើន។ជាមួយនេះរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺគឺមានពីថ្នាក់ខេត្ត វិស័យមន្ទីរ-អង្គភាពជុំវិញខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ វិទ្យាល័យនិងរហូតដល់ថ្នាក់ភូមិ  ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This