មន្ត្រីអគ្គិសនី សហការជាមួយរដ្ឋបាលក្រុង ចុះរៀបចំបណ្តាញខ្សែភ្លើង និងកាត់មែកឈើ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

បាត់ដំបង ៖ មន្ត្រីអគ្គិសនីខេត្តបាត់ដំបង សហការជាមួយក្រុមការងារនៃរដ្ឋបាលក្រុងបាត់ដំបង បានចុះរៀបចំបណ្តាញខ្សែភ្លើងនានានិងកាត់តម្រឹមមែកឈើ នៅតាមដងផ្លូវក្នុងសង្កាត់រតនៈ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងអោយកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញដល់វិស័យទេសចរណ៍។

ក្នុងដំណើរដឹកនាំចុះអនុវត្តការងារផ្ទាល់នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឈឿង វុទ្ធី សមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងអោយកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញដល់វិស័យទេសចរណ៍ រដ្ឋបាលក្រុង បានសហការជាមួយក្រុមការងារអគ្គិសនីបាត់ដំបង ចុះរៀបចំបណ្ដាញខ្សែភ្លើងដែលជ្រកនៅតាមមែកឈើចាប់ពីចំណុចស្ពានសួនសម្តេចក្រឡាហោម ស ខេង ដល់ស្ពានថ្មថ្មី (សោហ៊ឺ) ។

ហើយក្នុងការអនុវត្តនេះដែរ មន្ត្រីជំនាញបានកាត់មែកឈើដែលដុះលាស់ចេញមកផ្លូវ និងរៀបចំសំអាតចងខ្សែភ្លើងណាដែលជ្រកជាមួយមែកឈើកុំអោយមានបញ្ហាទុស្សេនៅខែវស្សា ហើយខ្សែអ៊ីនធឺណិតណាដែលមិនប្រើប្រាស់ក្រុមការងារនិងធ្វើការកាត់យកចោលផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This