មេឣាវុធហត្ថខេត្តកំពង់ស្ពឺ ផ្តល់ផ្ទះថ្មីមួយខ្នង ដល់លោកយាយ អាយុ៩៣ឆ្នាំ ក្រោយកូនស្រីបោះបង់ចោល

កំពង់ស្ពឺ ៖ លោកយាយ ឈុន ស័ក អាយុ៩៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ លោកយាយត្រូវបានកូនស្រីបោះបង់ចោល អស់រយ:ពេលជាង២០ឆ្នាំ សព្វថ្ងៃលោកយាយត្រូវរស់ដោយអាស្រ័យលើអ្នកជិតខាង ហុច នៅក្នុងខ្ទមទ្រុឌទ្រោម រហែកធ្លុះធ្លាយ ដែលគេអោយស្នាក់នៅ ។

លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា ស្ថិតនៅក្នុងខ្ទមទ្រុឌទ្រោម ធ្លុះធ្លាយ ស្ទើរតែមិនអាចរស់នៅបាន លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមន្ត្រីអាវុធហត្ថក្រោមឱវាទបានសម្រេចសង់ផ្ទះថ្មីមួយខ្នងពីដែកប្រក់ស័ង្កសីទំហំ៣.៥ម៉ែត្រគុណនិង៤ម៉ែត្រ ចំណាយថវិកាអស់ជិត១ពាន់ដុល្លាប្រគល់ជូនដល់លោកយាយដើម្បីបានស្នាក់នៅសមរម្យនិងបានប្រគល់ថវិកា គ្រឿងឧបភោគបរិភោគសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។

នៅក្នុងឱកាសប្រគល់ផ្ទះថ្មីដល់លោកយាយ ឈុន ស័ក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា ក្រៅពីការងារបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពសង្គម អាវុធហត្ថខេត្តកំពង់ស្ពឺតែងតែឆ្លៀតឱកាសចូលរួមផ្សាភ្ជាប់មនោសញ្ចេតនា ជួយដល់ពលរដ្ឋជាញឹកញាប់ ប្រកបដោយភាពស្និតស្នាលកក់ក្តៅ បង្កប់នូវសេចក្តីស្រឡាញ់យ៉ាងទូលំទូលាយ។មិនតែប៉ុណ្ណោះ មន្ត្រីអាវុធហត្ថទាំងអស់ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតែងបាននាំយកនូវអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារពលរដ្ឋដែលបានរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ទីទ័លក្រ ជនចាស់ជរា ស្ត្រីមេម៉ាយគ្មានទីពឹង និងកុមារកំព្រា ជាដើម ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This