បុរសជនជាតិថៃម្នាក់ លួចឆ្លងដែនចូលកម្ពុជា ត្រូវអាវុធហត្ថស្រុកស្វាយចេក ឃាត់ខ្លួនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកស្វាយចេក ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលួចឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា ដើម្បីរកការងារធ្វើ ។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប្រជាការពារ បានប្រទះឃើញជនជាតិថៃ ចំនួន០២នាក់ លួចឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា នៅចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានធ្វើការឃាត់ខ្លួនដើម្បីសួរនាំ ស្រាប់តែជនជាតិថៃ០១នាក់ រត់គេចខ្លួនរួច ហើយប្រជាការបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនជាតិថៃចំនួន០១នាក់ ឈ្មោះ វិម៉ា វីងសាន់ធៀ ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង, អត្ដសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១,សៀវភៅ កុងធនាគាថៃចំនួន២សន្លឹក ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ពិតប្រាកដមែន ដេីម្បីរកការងារធ្វេី។ ហេីយខ្លួនក៏បានប្រេីប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ផ្អែកលេីចម្លេីយសារភាព និងក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរួមមក កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

