រដ្ឋបាលក្រុងសិរីសោភ័ណ ចុះអនុស្សារណៈ ជាមួយក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា សាកល្បងរយៈពេល៦ខែ
បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងសិរីសោភ័ណ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ក្រុមហ៊ុន គ្លូប៊ល អេកសិន ហ្វរ អិនវ៉ាយរិនម៉ិន អេវែរណេស ផាប់ប្លីក លីមីធីត ខមភេនី (ក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា) ដេីម្បី ពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង ទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការចុះអនុស្សារណៈយោគយល់គ្នា នេះដែរក៏មានការចូលរួមពីលោក ឃ្លោក នួយ អភិបាល រង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ និងក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា ធ្វេីឡេីនៅសាលប្រជុំ រដ្ឋបាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៥។
លោក ខែម ចន្ទវីរៈ នាយកប្រតិបត្តក្រុមហ៊ុន ក៏បានធ្វើការប្តេជ្ញាចិត្ត ថា នឹងបន្ថែមរថយន្តដឹកសំរាមបន្ថែម និងព្យាយាមក្នុងការប្រមូលសំរាមឱ្យអស់ បានស្អាត ទាន់ពេលវេលា ដើម្បីផ្ដល់ឱ្យទីក្រុង ក៏ដូចជាខេត្ត មានភាពស្រស់ បៃតងជានិច្ច និងគ្មានសំរាម ។ ក្នុងនោះលោកក៏បានបន្តប្ដេជ្ញាថា បើមានក្រុមហ៊ុន និងមិន មានសំរាម បេីកមានសំរាម និងគ្មានក្រុមហ៊ុនលោកឡេីយ។
តាមរយៈ នៃចុះអនុស្សារណៈយោគយល់គ្នា ភាគីទាំងពីរព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើ “ការពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូន សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ» នៅក្នុងគោលដៅសេវា៤សង្កាត់ (សង្កាត់កំពង់ស្វាយ,សង្កាត់ព្រះពន្លា,សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា) នៃក្រុងសិរីសោភ័ណ។ ដោយហេតុថា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនមានអតិថិជនចំនួន ៣.៩៦៩អតិថិជន ស្មើ២០% នៃប្រជាពលរដ្ឋនៃ៤សង្កាត់ ឬស្មើ ១៦% នៃប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ។ ចំនួនអ្នកប្រើសេវានេះមិនទាន់ឆ្លើយតបតម្រូវការកែលម្អបរិស្ថាន ក៏ដូចជាការអនុវត្តមុខងារគ្រប់គ្រងសំរាមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឡើយ។ ដូចនេះដើម្បីពង្រីកសេវាឲ្យ កើនដល់៥០% ក្នុងឆ្នាំ២០២៥ និង៨០%ក្នុងឆ្នាំ២០២៦ ក៏ដូចជាមាន ការគ្រប់គ្រងសំរាមបានល្អនាពេលអនាគត។ អនុស្សរណៈយោគយល់នេះបង្កើតឡើង ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុន ហ្គា.អ៊ី.យ៉ា ក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលថ្នាក់ក្រោមជាតិបានល្អប្រសើរជាងបច្ចុប្បន្ន នៅក្នុងគោលដៅពង្រីកសេវា៤សង្កាត់ ក្នុងរយៈពេលសាកល្បង ៦ខែ ចាប់ពីថ្ងៃចុះអនុស្សរណៈយោគយល់នេះតទៅ។
សូមរំលឹកដែរថា ក្រុងសិរីសោភ័ណ មានទីលានទុកដាក់សំរាម ទំហំ១១ហិកតា តម្លៃជាង៦.៥លានដុល្លារអាមរិក ដែលមានទីតាំងនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុង នៅតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមថ្មី ដែលមានស្តង់ដារនេះ គឺជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ៕













