មន្ត្រីជំនាញបន្តចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារដាក់លក់នៅផ្សារធំបាត់ដំបង(ផ្សារណាត់)

បាត់ដំបង ៖ ដេីម្បីសុខមាលភាពអ្នកប្រេីប្រាស់ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកវរសេនី​យ៍​ឯក​ យី​ យក់សាន​ នាយការិយា​ល័យនគរ​បាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ បានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីសាខា (ក.ប. ប )ខេត្តបាត់ដំបង និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារដាក់លក់នៅផ្សារធំបាត់ដំបង(ផ្សារណាត់) ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានពិនិត្យទៅលើ០៨តូប និងបានធ្វេីតេស្តបឋមលេីគ្រឿងសមុទ្រ មី​លឿង គុយទាវសរសៃធំ លត ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក នំបញ្ចុក និងណែមសាច់ត្រី ចំនួន​១៨គំរូ (មេីលFormalin ចំ​នួន​១០គំរូ និង Borax ចំនួន០៨គំរូ)ដែលជាលទ្ធផលគឺពុំមានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងម្ហូបអាហារខាងលេីនេះទេ។

ជាមួយគ្នានេះដែរ មន្រ្តីជំនាញបានណែនាំដល់អាជីវករលក់ដូរទាំងអស់សូមចូលរួមសហការបង្ការទប់ស្កាត់កុំឱ្យមានការប្រើប្រាស់សារធាតុគីមីហាមឃាត់ណាមួយទៅលើចំណីអាហារទាំងនោះដើម្បីសុខមាលភាពអ្នកប្រើប្រាស់ទូទៅ ហើយក្នុងករណីរកឃើញមានបញ្ហាណាមួយមិនត្រឹមត្រូវនោះ ឬមានសារធាតុគីមីហាមឃាត់លើចំណីអាហារដែលដាក់លក់នោះ អ្នកលក់នឹងទទួលខុសត្រូវទាំងស្រុងចំពោះអំពើល្មើសច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This