នគរបាល ឆ្មក់បង្ក្រាបទីតាំងអាគារមួយកន្លែង នៅក្រុងប៉ោយប៉ែត សង្ស័យជាទីតាំងអនឡាញ

បន្ទាយមានជ័យ ៖ ទីតាំងអាគារមួយកន្លែង នៅតាមបណ្ដោយផ្លូវស្តង់តាង៉ួន ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត ចុះបង្ក្រាបសង្ស័យជាទីតាំងអនឡាញខុសច្បាប់ ។

ការបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យតាមបណ្ដាខេត្ត គណៈបញ្ជាការឯកភាពខេត្ត ស្នងការ អាវុធហត្ថ ធ្វើយ៉ាងណាបង្ក្រាបទីតាំងអនឡាញឱ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ប្រតិបត្តិការបង្រ្កាបនេះ ត្រូវបានសមត្ថកិច្ចមិនអនុញាតអោយអ្នកព័ត៌មានចូល និងមិនបានផ្តល់ព័ត៌មានអ្វីឡើយ ដោយគ្រាន់តែប្រាប់ថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់រដ្ឋាភិបាល និងមានការសម្រសម្រួលដឹកនាំដោយព្រះរាជអាជ្ញា ។
តាមការចុះយកព័ត៌មានជាក់ស្តែង អ្នកព័ត៌មានយើងបានពិនិត្យឃើញមានវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកំលាំងនគរបាលខេត្តព្រមទាំងនគរបាលព្រំដែន ។ ការចុះបង្រ្កាប់នេះរហូតមកដល់រសៀលមកដល់ពេលនេះ នៅពុំទាន់ដឹងព័ត៌មានថា ទីតាំងខាងលើនេះ ជាទីតាំងអនឡាញមានការបោកបញ្ឆោត ឬចាប់ជំរិត និងមានជនបរទេសជាសាសន៍អ្វីធ្វើការក្នុងអាគារនោះឡើយ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបទីតាំង ក៏ដូចជាអាគារតូចធំ នៅក្នុងក្រុងប៉ោយប៉ែត តែងតែត្រូវបានកម្លាំងនគរបាល នៃអគ្គស្នងការនគរបាលជាតិ ក៏ដូចជាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ តែងចុះបង្ក្រាបជាបន្តបន្ទាប់ ។ ហើយមហាជនក៏ដូចជាប្រជាពលរដ្ឋ សង្ឃឹមថា បទបញ្ជារបស់រដ្ឋាភិបាល នឹងធ្វើឲ្យ ការអនុវត្តរបស់សមត្ថកិច្ច កាន់តែទូលំទូលាយក្នុងការចុះបង្ក្រាបបទល្មើសអនឡាញនេះ ៕

CATEGORIES
Share This