រថយន្តដាច់កង់ វិលទៅបុកស្ត្រីចំណាស់០២នាក់បណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់ស្ត្រីចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តដាច់កង់វិលទៅបុកពួកគាត់ ខណៈពេលកំពុងដើរនៅតាមដងផ្លូវ នៅវេលាម៉ោង ១៧និង៣៦នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី០៣ ភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើរវាងរថយន្តធុនធំ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-1260 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែរថយន្តដាច់កង់ចំនួន០២គ្រាប់វិលទៅបុកអ្នកថ្មើជើងម្នាក់ឈ្មោះ នីវ វឿ ភេទស្រី អាយុ ៦៩ឆ្នាំ បណ្តាលអោយស្លាប់នៅហ្នឹងកន្លែង រួចបន្តទៅបុកម្នាក់ទៀតឈ្មោះ យង់ នី ភេទស្រី អាយុ ៥១ឆ្នាំ បណ្តាលអោយរបួសធ្ងន់ រួចរថយន្តបានបន្តបើករត់តែត្រូវសមត្ថកិច្ចតាមចាប់បានផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងដកហូតវត្ថុតាងរថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This