រដ្ឋបាលស្រុកត្បែងមានជ័យ បកស្រាយពាក់ព័ន្ធករណីលេចធ្លាយព័ត៌មានចោទប្រកាន់លោកអភិបាលស្រុកត្បែងមានជ័យ ប៉ុនប៉ងរំលោភទៅលើស្រ្តីម្នាក់ជាមន្ដ្រីក្នុងរដ្ឋបាលស្រុកត្បែងមានជ័យ
ព្រះវិហារ៖ ក្រោយពីលេចធ្លាយព័ត៌មានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក បានធ្វើការចោទប្រកាន់ទៅលើលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើស្រ្តីម្នាក់ដែលបានបម្រើការងារ ជាមន្រ្តីនៅក្នុងរដ្ឋបាលស្រុកត្បែងមានជ័យ ។
នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យនៃរដ្ឋបាលស្រុកត្បែងមានជ័យ លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក តំណាងលោក នុត សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលស្រុកត្បែងមានជ័យ បានបំភ្លឺថា ការចុះផ្សាយព័ត៌មាន យកព័ត៌មានទៅចុះផ្សាយមិនបានសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធឲ្យបានគ្រប់ជ្រុងជ្រោយ ញុះញង់ឲ្យមានការរើសអើង និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោកអភិបាលស្រុក។ ពាក់ព័ន្ធករណីនេះ ក្នុងនាមលោកជាអ្នកនាំពាក្យ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកត្បែងមានជ័យ បានច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយនេះ ជាព័ត៌មានដែលបំភ្លៃការពិត គា្មនក្រមសីលធម៌វិជ្ជាជីវៈ ដែលកន្លងទៅថ្មីៗ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងព័ត៍មានក្លែងក្លាយ ។
លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក បានបន្តថា ពាក់ព័ន្ធករណីខាងលើ ក្រោយមានពាក្យបណ្តឹងពីភាគីជនរងគ្រោះ ខាងក្រុមការងារនៃអគ្គាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ កន្លងទៅថ្មីៗ បានចុះធ្វើការអង្កេតនិងស្រាវជ្រាវសួនាំភាគីដែលពាក់ព័ន្ធរួមទាំងមន្រ្តីៗនៃរដ្ឋបាលស្រុក និងក្រុមប្រឹក្សាស្រុកត្បែងមានជ័យ រួចមកហើយប៉ុន្តែរឿងរ៉ាវសម្រេចយ៉ាងណានោះគឺស្ថិតនៅលើសមត្ថកិច្ចរបស់ក្រសួង ជាពិសេសករណីខាងលើនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យក្រោមនីតិវិធីរបស់តុលាការ ។
ជាមួយគ្នានោះផងដែរលោក សុខ មុន្នីរិទ្ធ អ្នកនាំពាក្យរបស់រដ្ឋបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ថា ចំពោះករណីអង្គភាពសារព័ត៌មាន ខាងលើដែលបានចុះផ្សាយបំភ្លៃការពិតនេះ រដ្ឋបាលស្រុកត្បែងមានជ័យ និងធ្វើការពិភាក្សាអំពីចំណាត់ការច្បាប់ មុននឹងអ្នកសារព័ត៌មាន លើកយកករណីនេះទៅផ្សព្វផ្សាយ គួរណាអ្នកសារព័ត៌មាននោះ ធ្វើបទសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធទាំងសងខាងសិន មុននឹងផ្សព្វផ្សាយ ពីព្រោះអ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតម្លាភាពនៅក្នុងសង្គម គឺត្រូវឈរនៅចំណុចកណ្តាលមិនលំអៀង ជាពិសេសអ្នកសារព័ត៌មានមិនមានសិទ្ធិវិនិច្ឆ័យ រឺកាត់សេចក្តីឲ្យទៅភាគីណាមួយខុសរឺត្រូវឡើយ រង់ចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងស្ថាប័នតុលាការជាអ្នកសម្រេចលើរឿងនេះឡើយ ។
ជាចុងក្រោយ អ្នកនាំពាក្យនៃរដ្ឋបាលស្រុកត្បែងមានជ័យ លោក សុខ មុន្នីរិទ្ធ និងមន្រ្តីរាជការ រួមទាំងក្រុមប្រឹក្សា នៃរដ្ឋបាលស្រុកត្បែងមានជ័យ បានធ្វើការសំណូមពរទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នតុលាការ ផ្តល់ភាពយុត្តិធម៌មកដល់ ថ្នាក់ដឹកនាំគឺលោក នុត សោភ័ណ្ឌ ដែលជាអភិបាលនៃគណៈអភិបាលស្រុកត្បែងមានជ័យ ជាពិសេស មុខមាត់ស្ថាប័ននៃរដ្ឋបាលស្រុកត្បែងមានជ័យ ដើម្បីឲ្យមានតម្លាភាពត្រឹមត្រូវ ៕


