ឃាត់ខ្លួនជនជាតិចិន៤នាក់ ក្រោយលួចឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា

សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការចាប់ខ្លួនបុរសជនជាតិចិន៤នាក់ ក្រោយបន្លំខ្លួនឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់។

សមត្ថកិច្ចអាវុធហត្ថបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ កក្កដានេះថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក និងកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ពីប្រទេសឡាវមកកម្ពុជា  ហើយឆ្លងកាត់មកដល់ខេត្តសៀមរាប ក្នុងគោលបំណងឆ្ពោះទៅខេត្តផ្សេងទៀត តែមកដល់ចំណុចភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តងដើម្បីអនុវត្តតាមនិតិវិធី។

ប្រភពដដែលបន្តថា បច្ចុប្បន្ន ជនជាតិចិនទាំង៤នាក់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប សហការបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ដោយ ៖ ឆាយ សុភា

CATEGORIES
Share This