នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ
បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាប់ពាក់ព័ន្ធក្នុងករណី លួចយកម៉ូតូ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចវត្តភ្នំអណ្តេីក ស្តិតក្នុងភូមិក្រពេី ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ចាន់ សុភី ភេទស្រីអាយុ៥១ឆ្នាំ ថាមានជនមិនស្គាល់សាវតាបានលូចយកម៉ូតូហុងដាវេវមួយគ្រឿងដែលខ្លួនបានទុកចោលទាំងសោររួចទៅធ្វេីចង្ហាន់ប្រគេនលោកនៅវត្តអណ្តេីក។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ និងប្រជាការពារចុះបង្ក្រាបបានភ្លាមៗ ដោយបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ឆែម ហុងដា ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិអូចារ សង្កាត់អូចារ ក្រុងបាត់ដំបង និងបានដកហូតម៉ូតូម៉ាកហុងដាវេវពណ៌ខ្មៅ (ម៉ូតូចាស់គ្មានផ្លាកលេខ) ចំនួន០១គ្រឿង និងកង់ពណ៌សចំនួន១គ្រឿង ដែលជាមធ្យោបាយជិះធ្វេីសកម្មភាពផងដែរ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕


ដោយ ៖ សាលី