រថយន្តMazda បុកម៉ូតូបណ្តាលអោយក្មេងសិស្សសាលា០៣នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងសិស្សសាលា០៣នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AJ-8838 បើកបរដោយយុវសិស្សម្នាក់ និងអ្នករួមដំណើរ០២នាក់ទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាក Mazda .BT-50.Pro ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2X-2832 បើកបរដោយបុរសម្នាក់ ឡើងវ៉ាជែងគោយន្តកន្ត្រៃ០១គ្រឿងទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបររងរបួសជើង អ្នករួមដំណើរកណ្តាលបាក់ភ្លៅឆ្វេងម្ខាង និងអ្នកខាងក្រោយរបួសស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបាននគរបាលជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This