អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរវរៈកងទ័ព២រូប ដែលរងរបួស វិលត្រឡប់ទៅគេហដ្ឋានវិញ ក្រោយជាសេះស្បេីយ
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជូនដំណើរវរៈកងទ័ព២រូប ដែលមានរបួស កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ក្នុងសមរភូមិសៀមឈ្លានពានកម្ពុជា បណ្តាលឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជូនដល់វរៈកងទ័ព រហូតជាសះស្បើយ និងបានវិលត្រឡប់ទៅគេហដ្ឋានជួបជុំក្រុមគ្រួសារ ប្រពន្ធកូនវិញ ។ និងបានថ្លែងអំណរគុណចំពោះភាពអង់អាចក្លាហានរបស់វរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឃ្លាតឆ្ងាយពីគ្រួសារ ប្រពន្ធកូន ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សូមបញ្ជាក់ថា វរៈកងទ័ពទាំង២រូបខាងលើ ១-ពលបាលឯក ហើស លឿ អាយុ៤៤ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសបាក់ភ្លៅស្តាំ, ២-ពលបាលឯក នួន សារ៉ាយ អាយុ៥០ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសក្រៅដៃស្តាំ ៕








