កូនរដូវប្រាំង បង្កផលប៉ះពាល់ដល់ដំណាំស្រូវ ក្នុងឃុំសង្កាត់ចំនួន៤ នៃខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ កូនរដូវប្រាំងក្នុងខែវស្សា បាននិងកំពុងបង្កជាផលប៉ះពាល់ដល់ដំណាំស្រូវ បងប្អូនប្រជាកសិករចំនួន៤ឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ នេះបើយោងតាមសម្តីរបស់លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។
លោក យឹម ណន បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែកក្កដារហូតដល់ដើមខែសីហានៃឆ្នាំ២០២៥ កូនរដូវប្រាំងបានបង្កឱ្យដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋចំនួនជាង២០០ហិកតាបានរងផលប៉ះពាល់ដោយសារតែមិនមានភ្លៀងធ្លាក់។ក្នុងនោះស្រុកសំរោងទងចំនួន ៣ឃុំ គឺឃុំវល្លិ៍ស ឃុំព្នាយ និងឃុំសំរោងទង ប៉ះពាល់លើផ្ទៃដីស្រែចំនួន១៦៨ហិកតា
ក្រុងច្បារមន ១សង្កាត់គឺសង្កាត់សុព័រទេព ប៉ះពាល់លើផ្ទៃដីស្រែចំនួន៦៨ហិកតា ។
លោកប្រធានមន្ទីរបន្តថា ក្រោយទទួលបានការណែនាំពីអភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានចុះអន្តរាគមន៍បន្ទាន់ដល់ដំណាំស្រូវទាំងនោះ ដោយទំលាក់ម៉ាស៊ីនបូមទឹកធុនធំចំនួន២គ្រឿងលើគោលដៅ២កន្លែងផ្សេងគ្នា ដើម្បីបូមទឹកចេញពីប្រឡាយមេរលាំងជ្រៃខាងជើងនិងស្ទឹងព្រែកត្នោត ដាក់ចូលទៅក្នុងប្រឡាយតូចៗឱ្យប្រជាកសិករដែលមានលទ្ធភាពអាចបូមទាញទឹកបញ្ចូលទៅក្នុងស្រែរៀងខ្លួន ហើយចំពោះបងប្អូនដែលគ្មានលទ្ធភាពនិងស្រែនៅឆ្ងាយពីប្រឡាយរណបនេះ មន្ទីរនិងពិនិត្យលទ្ធភាពក្នុងការជួយអន្តរាគមន៍បន្ថែម។
ជាមួយនិងការជួយអន្តរាគមន៍បន្ទាន់នេះដែរ ប្រធានមន្ទីរកសិកម្ម លោក យឹម ណន ក៏បានបញ្ជាក់ផងដែរថា ឥទ្ធិពលនៃកូនរដូវប្រាំងបានគ្រប់ដណ្តប់លើផ្ទៃទូទាំងខេត្ត តែផលប៉ះពាល់លើដំណាំស្រូវនិងដំណាំផ្សេងៗកើតមានតែលើស្រុកសំរោងទងនិងក្រុងច្បារមនតែប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានការរាយការណ៍ពីផលប៉ះពាល់ណាមួយនៅឡើយទេ ប៉ុន្តែប្រសិនកូនរដូវប្រាំងអូសបន្លាយមិនមានភ្លៀងធ្លាក់នាពេលខាងមុខ ផលប៉ះពាល់ដែលបង្កឡើងដោយកូនរដូវប្រាំងនេះនឹងអាចមានការកើនបន្ថែមទៀត ៕












ដោយ ៖ ប៊ុត សារុន