ឈ្មួញលួចរត់ពន្ធបារី តាមព្រំដែនកម្ពុជា-ថៃនៃស្រុកម៉ាឡៃ ទាហានថៃចាប់បារីនាំចូលគេចពន្ធ តាមច្រករបៀង ចំនួន១៣.០៩០កញ្ចប់
បន្ទាយមានជ័យ ៖ យើងតាមព័ត៌មានថៃ បារីចំនួន ៤ ប្រភេទ ដែលជនមិនស្គាល់មុខ បាននាំឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយលាក់ទុកនៅក្នុងចម្ការអំពៅរបស់ប្រជាពលរដ្ឋ ត្រូវបានយោធាថៃរកឃើញ និងនាំយកទៅប្រគល់ឲ្យអង្គភាពគយខេត្តស្រះកែវ ។
ការប្រទះឃើញនេះ ខណៈពេលដែលកម្លាំងយោធាកងរយលេខ ១២០៤ កំពុងធ្វើការល្បាត តាមខ្សែបន្ទាត់ព្រំដែន នៅវេលាម៉ោង ០០ និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងចំការអំពៅ ចម្ងាយប្រមាណជាង១០ ម៉ែត្រពីអូរព្រំដែន ស្ថិតក្នុងឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោយពេលចុះពិនិត្យ គឺការ៉ុងទាំងអស់ដែលត្រូវបានលាក់ទុកក្នុងចម្ការអំពៅមាន ចំនួន១៥ការ៉ុង ដែលក្នុងនោះមានបារីចំនួន ៤ ប្រភេទ ដែលជនមិនស្គាល់មុខបាននាំឆ្លងដែនគេចពន្ធចូលទៅលាក់ទុកក្នុងចំការអំពៅនោះ។
ក្នុងនោះមានបារី MOND កញ្ចប់ធំចំនួន ៤.៥០០ កញ្ចប់ MOND កញ្ចប់តូចចំនួន ៨៣០ កញ្ចប់ CAPITAL កញ្ចប់ធំចំនួន ៧៧០ កញ្ចប់ ORIS បញ្ចប់តូចចំនួន ៦.៩៩០ កញ្ចប់ ដោយឡែកមនុស្សគឺពុំមានម្នាក់នៅកន្លែងកើតហេតុនោះឡើយ។
ក្រោយការរកឃើញកម្លាំងយោធាបានបញ្ជូនវត្ថុតាងទាំងអស់ ទៅឲ្យអង្គភាពគយនិងរដ្ឋាករខេត្តស្រះកែវ ដើម្បីអនុវត្តតាមផ្លូវច្បាប់។ អង្គភាពជំនាញបានគិតអំពីតម្លៃបង់ពន្ធ ថា ប្រសិនជាបង់ពន្ធធម្មតាគឺត្រូវអស់ ៨២២.០៥២ បាត តែប្រសិនបើពិន័យគឺត្រូវអស់ ១២.៣៣០.៧៨០ បាត ៕





