ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋម្ចាស់ស្រែឱ្យរាយការណ៍បន្ទាន់ បើមានសត្វមមៀចត្នោតបំផ្លាញស្រូវ
កំពង់ស្ពឺ ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានប្រាប់ដល់ពលរដ្ឋជាម្ចាស់ស្រែទាំងអស់ឱ្យតាមដានស្រែរបស់ខ្លួនជាប្រចាំ ក្នុងករណីមានការយាយីពីពពួកសត្វមមៀចត្នោតលើដំណាំស្រូវ ត្រូវរាយការណ៍បន្ទាន់មកមន្ត្រីជំនាញកសិកម្មខេត្តឬមន្ត្រីកសិកម្មឃុំដើម្បីឱ្យមន្ទីរជំនាញមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ទាន់ពេលវេលា។ការណ៍នេះ ខណ:ដឹកនាំក្រុមការងារជំនាញនៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរឃុំ សង្កាត់ចុះពិនិត្យនិងអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវជិត៣០០ហិកតាដែលរងគ្រោះដោយកូនរដូវប្រាំងនៅក្នុងក្រុងច្បារមននិងស្រុកសំរោងទង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
លោក យឹម ណន បាននិយាយថា ជារៀងរាល់ឆ្នាំដំណាំស្រូវរបស់បងប្អូនកសិករតែងតែជួបបញ្ហា គ្រោះរាំងស្ងួតនិងការបំផ្លាញពីពពួកសត្វចង្រៃ។ហើយឆ្នាំកន្លងទៅនេះ ដំណាំស្រូវស្ទើតែទូទាំងក្រុងស្រុកនៃខេត្តកំពង់ស្ពឺបានជួបវិបត្តិការស៊ីបំផ្លាញពីក្រុមដង្កូវហ្វូង ស្រូវក្នុងស្រែរាប់រយហិកតាបានរងការខូចខាត តែក្រោយមានការរាយការណ៍ទាន់ពេល មន្ត្រីជំនាញកសិកម្មខេត្តក៏បានចេញអន្តរាគមន៍ទាន់ពេល ហើយបានរំដោះដំណាំស្រូវទាំងនោះពីពពួកដង្កូវហ្វូងមកវិញដោយការបាញ់ថ្នាំសម្លាប់។
ដូចគ្នាដែរ លោក យឹម ណន បានបញ្ជាក់ថា រដូវដង្កូវហ្វូងបានផុតហើយ ប៉ុន្តែដំណាំស្រូវរបស់បងប្អូននៅប្រឈមនិងបញ្ហាមួយទៀតដែលទាមទារការយកចិត្តទុកដាក់ខ្ពស់នោះគឺពពួកសត្វមមៀចត្នោត។ករណីបើឃើញប្រភេទសត្វនេះរោមអំពូលភ្លើងច្រើននៅពេលយប់បានន័យថាពពួកសត្វនេះនិងមានវត្តមានច្រើននៅក្បែរនោះ ពិសេសគឺនៅតាមដើមស្រូវ ដូច្នេះត្រូវចុះពិនិត្យភ្លាមក្នុងស្រែរៀងខ្លួនថាតើមានពពួកសត្វនេះកំពុងបំផ្លាញដំណាំស្រូវបងប្អូនហើយឬនៅ ក្នុងករណីឃើញវត្តមានសត្វនេះបងប្អូនត្រូវរាយការណ៍មកមន្ត្រីកសិកម្មឃុំឬមន្ត្រីកសិកម្មខេត្តដើម្បីអន្តរាគមន៍ទាន់ពេល។
សូមបញ្ជាក់ផងដែរថាក្នុងកំឡុងពាក់កណ្តាលខែកក្កដានិងដើមខែសីហាឆ្នាំ២០២៥នេះ ឥទ្ធិពលកូនរដូវប្រាំងបានគ្របដណ្តប់លើក្រុងស្រុកទាំង៩នៃខេត្តកំពង់ស្ពឺ ភ្លៀងតិចតួចបានធ្លាក់នៅលើឃុំខ្លះ ប៉ុន្តែមិនគ្រប់គ្រាន់។បញ្ហានេះបានធ្វើស្រុក ក្រុងចំនួន២គឺស្រុកសំរោងទងមាន៣ឃុំនិងក្រុងច្បារមន១សង្កាត់បានជួបគ្រោះរាំងស្ងួតហើយបង្កជាផលប៉ះពាល់ដំណាំស្រូវបងប្អូនកសិករជិត៣០០ហិកតា ដែលទាមទារឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់នាំទឹកសង្គ្រោះពីមន្ទីរជំនាញធនធានទឹកក្នុងការដាក់ម៉ាស៊ីនធុនយក្សបូមនាំទឹកចេញពីប្រឡាយមេរលាំងជ្រៃខាងជើងនិងស្ទឹងព្រែកត្នោតដាក់ទៅក្នុងប្រឡាយរង ដើម្បីឱ្យបងប្អូនជាម្ចាស់ស្រែអាចមានលទ្ធភាពបូមបញ្ចូលទៅក្នុងស្រែរៀងៗខ្លួន ៕










ដោយ ៖ ប៊ុត សារុន