មនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិ ដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាក CLICK ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-4360 បើកបរដោយប្អូនស្រីម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាក HONDA CB ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AW-4395 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នា បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយ ប្អូនស្រីអ្នកបើកបរនិងបុរសខាងលើរងរបួសធ្ងន់ ចំណែកប្អូនស្រីអ្នករួមដំណើរម្នាក់រងរបួសស្រាល។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ទាំងពីរនាក់ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី