រថភ្លើង ធ្លាក់ផ្លូវក្រឡាប់ទូស៊ីទែនប្រេងអស់០៤ទូរ ផ្អើលពលរដ្ឋ ចែកគ្នាដួស

បាត់ដំបង ៖ រថភ្លើងដឹកប្រេងឥន្ធនៈ០១គ្រឿង បានបើកផុងផ្លូវបណ្តាលអោយក្រឡាប់ធ្លាក់ទូ ចាក់ប្រេងចោលអស់០៤ស៊ីទែន ផ្អើលដល់ពលរដ្ឋរាប់រយនាក់ មកដណ្តើមគ្នាដួសនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវដែកបាត់ដំបង-បន្ទាយមានជ័យ ស្ថិតក្នុងក្រុមទី០៨ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា មានរថភ្លើង០១ខ្សែបានដឹកប្រេងឥន្ធនៈជាច្រើនស៊ីទែនធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញឆ្ពោះទៅកាន់ស្ថានីយប្រេងឥន្ធនៈបឹងព្រីង) លុះធ្វើដំណើរដល់ត្រង់ចំណុចខាងលើក៏បានផុងផ្លូវបណ្តាលអោយក្រឡាប់ធ្លាក់ទូចេញពីផ្លូវអស់ចំនួន០៤ទូ និងហូរប្រេងចេញអស់ចំនួន០៤ស៊ីទែនផ្អើលដល់ពលរដ្ឋរាប់រយនាក់មកដណ្តើមគ្នាដួសផងដែរ ប៉ុន្តែមិនបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុយើងឃើញវត្តមានមន្ត្រីកងរាជអាវុធហត្ថ ក៏ដូចជានគរបាលជំនាញបានចុះមកជួយអន្តរាគមន៍សំរួលចរាចរណ៍និងបិទផ្លូវកុំអោយមានម៉ូតូនិងរថយន្តបើកឆ្លងការ បន្ទាប់មកក្រុមការងាររបស់ក្រុមហ៊ុនបានទំនាក់ទំនងយករថយន្តមកបូមប្រេងដែលនៅសេះសល់ចេញដើម្បីធ្វើការស្ទូចយកទូនិងស៊ីទែនប្រេងឡើងវិញផងដែរ  ៕

ដោយ ៖ សាលី

CATEGORIES
Share This