រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន ២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពពលីក្នុងសមរភូមិ

កំពង់ស្ពឺ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមនឹងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទគ្រប់ទិសទីបានធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន ២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព គ្រប់រូបដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងឧទ្ទិសមហាកុសលដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិគ្រប់សន្តានក្នុងសង្សារវដ្ត ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ក្នុងវត្តមុនីរតនារាម ហៅវត្តម្រុំខាងជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះសង្ឃបានសូត្រធម៌ បង្សុកូល៧ចប់ ដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងការពាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះដែរលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ រួមជាមួយប្រជាពុទ្ធបរិស័ទបានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា កម្ពុជាតែងតែប្រាថ្នានូវសន្តិភាព មិនចង់ឈ្លានពានប្រទេសណាមួយឡើយ តែនឹងមិនអនុញ្ញាតឱ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រណាឡើយ។

សូមរំឭកថា ការរៀបចំពិធីបុណ្យនេះគឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាព៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This