ស្ត្រីម្នាក់រងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្លូវបំបែកខាងមុខផ្សារទំនើបឡាក់គី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកHONDA TACT ពណ៌ត្នោត០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AX-6017 បើកបរដោយស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង1U-4086 បើកបរដោយយុវជនម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងស្ត្រីរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបាននគរបាលជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុរួចភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូហុងដាឌ្រីមទទួលចេញថ្លៃពេទ្យនិងជួសជុលម៉ូតូអោយភាគីខាងស្ត្រី ៕





ដោយ ៖ សាលី