ការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរកងទ័ពជួរមុខ គឺជា មហាកម្លាំងនិងជាមហាកំផែង គ្មានអ្វីប្រៀបផ្ទឹមបាន

កំពង់ស្ពឺ ៖ ការប្តេជ្ញាចិត្ត និងការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនវីរកងទ័ពជួរមុខ គឺជា មហាកម្លាំងនិងជាមហាកំផែងដ៏រឹងមាំ គ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិនិងសន្តិភាព ជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។

នេះបើតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខវីវកងទ័ពជួរមុខម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ឆ្នាំដែលរងរបួសដោយការទម្លាក់គ្រាប់ពីយន្តហោះនៃទ័ពសៀមក្នុងភូមិសាស្ត្រប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាបានរងនូវការឈ្លានពានទឹកដីពីសំណាក់ទាហានសៀម ហើយបានប៉ះទង្គិចគ្នាអាវុធតូចធំចាប់ពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យវីរកងទ័ពជួរមុខរបស់យើងរងរបួសនិងពលីជីវិត។ប៉ុន្តែភាពខ្លាំង អង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរពពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនិងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ពរបស់យើង។

នៅក្នុងជំនួបនោះអភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការក្រៀមក្រំនិងសោកស្តាយបំផុតចំពោះបាត់បង់និងរងរបួសក្នុងសមរភូមិឈ្លានពាននៃប្រទេសជិតខាង។ក្នុងនោះបានសង្កត់ធ្ងន់ថា ការមកដល់របស់ក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃនេះ គឺជាសញ្ញាដែលចង់បញ្ជាក់ថាបងប្អូនវីរកងទ័ពយើងដែលរងរបួសដោយការយកដើមទ្រូងទៅពាំងគ្រាប់ដើម្បីជាតិ មាតុភូមិមិនឯកាទេ ពោលគឺបងប្អូនកងទ័ពយើងពិតជាទទួលបានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជាជាង១៧លាននាក់ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសជាងនេះគឺលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពុងស្ពឺបានដែលជានិច្ចជាកាលតែងតែណែនាំដល់អាជ្ញាធរខេត្តចុះ ក្រុង ស្រុកចុះជាប់និងយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងតម្រូវការចាំបាច់នៃវីរកងទ័ពយើងក្នុងកំឡុងពេលសម្រាកព្យាបាលនេះ។ហើយទន្ទឹមនោះត្រូវរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយ ហើយសូមបន្តទុកចិត្តនិងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជនយើងវិញ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This