ថៃចាប់ទំនិញខុសច្បាប់ជាច្រើនប្រភេទ ដែលបម្រុងនាំឆ្លងដែនចូលមកកម្ពុជា នៃស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ទាហានឈុតខ្មៅថៃ ធ្វើការស្ទាក់ចាប់បានទំនិញថៃជាច្រើនប្រភេទ ជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ នៅក្បែរអូរព្រំដែនថៃកម្ពុជា ខណៈដែលមានមនុស្សពីរនាក់ កំពុងដឹកជញ្ជូនយកមកដាក់ជិតមាត់អូរ ។

ការឃាត់ទំនិញទាំងនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ខណៈដែលកម្លាំងកងរយលេខ ១២០៤ កំពុងល្បាតតាមព្រំដែនលុះដល់ចំណុចភូមិ៧ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលប្រឈមនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងយោធាថៃ បានឃើញយុវជនពីរនាក់ កំពុងរុញរទេះម្នាក់មួយគ្រឿង ដើម្បីដឹកការ៉ុងធំៗយកទៅដាក់នៅក្បែរមាត់អូរព្រំដែន លុះនៅពេលពួកគេក្រឡេកឃើញក្រុមយោធា ពួកគេក៏រត់ឆ្លងអូរចូលទៅក្នុងទឹកដីកម្ពុជាអស់។

ទំនិញដែលសមត្ថកិច្ចថៃបង្រ្កាបបានជាប្រភេទរបស់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដូចជា ប៊ីចេងសញ្ញាអាជីណូម៉ូតូ ស្ករស ទឹកម្ទេសម៉ាក់ស៊ីរីរ៉ាឆា ទឹកដោះគោខាប់ម៉ាកផ្កាម្លិះ ផលិតផលថែសម្ផស្សនិងគ្រឿងសំអាង ឡេលាបស្បែកម៉ាក CETAPHIL ផលិតផលថែសម្ផស្សផ្ទៃមុខម៉ាក BIODERMA ផលិតផលអាហារបម្រុងរាងកាយ ប្រេងកូឡា ថ្នាំក្អកត្រាក្អែប្រាំក្បាល ថ្នាំបន្ថយអាស៊ីតក្នុងក្រពះ ANTACIL ថ្នាំសម្រាប់លាបរមាស់សើស្បែក ថ្នាំរក្សារោគ AMLOPHINE & TORCOZIA លេខ ៩០ mg ខោអាវនិងឈុតកីឡា ព្រមទាំងសំលៀកបំពាក់ឈុតល្បីៗ ស្បែកជើងបុរស និង ស្ត្រី ។

ក្រោយការបង្រ្កាបទំនិញទាំងនេះត្រូវបានកម្លាំងយោធានាំយកទៅកាន់ទីតាំងកងរយលេខ ១២០៤ ដើម្បីពិនិត្យលំអិតមុននឹងបញ្ជូនទៅឲ្យគយនិងរដ្ឋាករប្រចាំស្រុកអារញ្ញប្រាថេត ៕

CATEGORIES
Share This