មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់មន្ត្រីនគរបាល ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលជំនាន់ទី១៩ លើកទី១ឱ្យបម្រើជាតិ មាតុភូមិ និងពលរដ្ឋប្រកបដោយភាពស្មោះត្រង់

កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក ទូច វិសាលសុខ បានលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលជំនាន់ទី១៩ លើកទី១នៅសាលានគរបាលជាតិភូមិភាគ៣ ឱ្យបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់។ការណ៍នេះធ្វើឡើងក្នុងឱកាសសំណេះសំណាលនិងប្រគល់វិញ្ញាបនបត្រដល់សិស្សនគរបាលជ័យលាភីចំនួន៣១៧នាក់ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នៅសាលានគរបាលជាតិភូមិភាគ៣ខេត្តកំពង់ស្ពឺ។

លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់យកវិស័យអាទិភាពគន្លឹះ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍជាតិ និងឆ្លើយតបទៅនឹងបរិបទថ្មីនៃបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល។ជាមួយនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់នគរបាលជាតិផងដែរ ដោយក្នុងនោះក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់ បន្តវេនពីមួយជំនាន់ទៅមួយជំនាន់និងលុបឈ្មោះបណ្តេញចេញមន្ត្រីនគរបាលដែលល្មើសវិន័យនិងប្រព្រឹត្តប្រាស់ចាកពីច្បាប់រដ្ឋ។

លោក ទូច វិសាលសុខ  បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃត្រូវធ្វើការជ្រើសរើសមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីបីប្រភេទជារៀងរាល់ឆ្នាំ ដើម្បីបំពេញជួសមន្រ្តីឬគ្រូនគរបាលជាតិដែលចូលនិវត្តន៍ ទទួលមរណភាព ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ការបាត់បង់សមត្ថភាពការងារ និងការផ្ទេរចេញ ដូចខាងក្រោម៖ប្រភេទទី១៖ ជ្រើសរើសមន្ត្រីនគរបាលជាតិ ដែលត្រូវបំពេញការងារនៅតាមអង្គភាពជំនាញនានា ពិសេសប៉ុស្តិ៍នគរបាលរដ្ឋាបាល ដែលត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលរយៈពេល៤ខែ។

ប្រភេទទី២៖ ការជ្រើសរើសឱ្យចូលបម្រើការងារជាគ្រូនគរបាលជាតិ ដោយធ្វើការបណ្ដុះបណ្ដាលក្នុងរយៈពេលកំណត់មួយ ដើម្បីឱ្យក្លាយជាគ្រូនគរបាលជាតិបន្តវេនជំនាញនគរបាលនិងត្រូវឆ្លងកាត់វគ្គគរុកោសល្យបន្ថែមទៀត។

ប្រភេទទី៣៖ ការជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជារៀងរាល់ឆ្នាំតាមរយៈការប្រឡងប្រជែង ដែលត្រូវសិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ទន្ទឹមនិងការលើកឡើងនេះ លោក ទូច វិសាលសុខ តំណាងលោកអភិសន្តិបណ្ឌិត បានថ្លែងការកោតសរសើរដល់ប្អូនៗជាមន្ត្រីនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធន៍ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់ តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This