គណៈគ្រប់គ្រងសាលាបឋមសិក្សាបោះពោធិ៍ បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់សិស្សពូកែ ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ គណៈគ្រប់គ្រងសាលាបឋមសិក្សាបោះពោធិ៍ បានប្រារព្ធពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ហូឡា សេរី និងលោកស្រី ហូឡា កុសមៈ ដែលជាម្ចាស់ជំនួយ, ព្រះតេជគុណ ប៊ន សុផាត ព្រះចៅអធិការវត្តព្រះនរាយណ៍ខ្វែង ,លោក សេក ផានិត មេឃុំអូរដំបង១ ,លោក វឿន តុងហេង នាយកសាលាបឋមសិក្សាបោះពោធិ៍ ,លោក ស្វាយ ញី មេភូមិបោះពោធិ៍ ,ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
នាឱកាសនោះដែរ បន្ទាប់ពីលោក វឿន តុងហេង នាយកសាលាបឋមសិក្សាបោះពោធិ៍ ឡើងធ្វើបទបង្ហាញអំពីរបាយការណ៍ស្តីពីការអភិវឌ្ឍន៍របស់សាលាបឋមសិក្សាបោះពោធិ៍ និងការរីកចម្រើនរបស់សិស្សនៅក្នុងឆ្នាំ២០២៤-២០២៥រួចមក លោក សេក ផានិត មេឃុំអូរដំបង១ លោកបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាកិត្តិយសនៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងផ្តល់រង្វាន់ដល់សិស្សពូកែដែលចប់ចំណាត់ថ្នាក់ពីលេខ០១ដល់លេខ០៥ នៅក្នុងសាលាបឋមសិក្សាបោះពោធិ៍ ដែលជាការឧបត្ថម្ភរបស់លោក ហូឡា សេរី និងលោកស្រី ហូឡា កុសមៈ ។
លោក សេក ផានិត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលឃុំ លោកមានក្តីសោមនស្សរីករាយនិងសប្បាយចិត្តយ៉ាងខ្លាំងដែលបានលោក លោកស្រី ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការងារសង្គម ក៏ដូចជាការងារក្នុងមូលដ្ឋានក្នុងឃុំ ដោយយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់នៅតាមបណ្តាសាលានានាជាច្រើន ពិសេសនៅព្រឹកនេះលោកទាំងពីរបានជួយឧបត្ថម្ភជារង្វាន់លើកទឹកចិត្តដល់សិស្សសាលាបឋមសិក្សាបោះពោធិ៍សរុបចំនួនជាង ៧០០នាក់ ដែលទាំងនេះជាកាយវិការមួយបង្ហាញពីក្តីស្រលាញ់ដល់កូនក្មួយដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបានចំណាត់ថ្នាក់ល្អ។
ជាមួយគ្នានេះដែរ លោក ហូឡា សេរី និងលោកស្រី ហូឡា កុសមៈ ដែលជាម្ចាស់ជំនួយ លោកបានសម្តែងការសប្បាយរីករាយបន្ទាប់ពីបានស្តាប់មតិចូលរួមរបស់លោកមេឃុំ បង្ហាញអោយប្រជាពលរដ្ឋនៅក្នុងឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឃើញពីការរីកចម្រើន និងមានការអភិវឌ្ឍតាមរយៈលោក លោកស្រី និងសប្បុរសជននានា និងក្រុមការងារឃុំ ធ្វើអោយលោកមានទឹកចិត្តនិងខិតខំបន្តការអភិវឌ្ឍថែមទៀត ជាពិសេសសូមអោយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀន ហើយលោកនិងបន្តរកជំនួយមកជួយបន្ថែម ៕













ដោយ ៖ សាលី