ទាហានថៃ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា និងជនជាតិខ្មែរ ១៧នាក់ លួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ឈមនិងស្រុកម៉ាឡៃ
បន្ទាយមានជ័យ ៖ ជនជាតិនីហ្សេរីយ៉ា និងពលរដ្ឋខ្មែរ សរុបចំនួន ១៧នាក់ ត្រូវបាន ទាហានឈុតខ្មៅថៃកងរយលេខ ១២០៤ ធ្វើការឃាត់ខ្លួននៅក្បែរបន្ទាត់ព្រំដែនថៃ-កម្ពុជា ឈមនឹងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ខណៈដែលទាហានថៃធ្វើការល្បាតបានប្រទះឃើញពួកសំងំនៅក្នុងចំការអំពៅ ដែលមានចម្ងាយប្រមាណជាង១០០ ម៉ែត្រពីអូរព្រំដែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ បានអោយដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើងចំនួន ២លើក ដោយលើកទីមួយ គឺ នៅវេលាម៉ោង៣ និង៤០នាទី រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុច ណូនខីលេក ក្នុងឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានឃាត់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមានជនជាតិ នីហ្សេរីយ៉ា ៣នាក់ និងជនជាតិខ្មែរម្នាក់ ។
ក្រោយពីបានសាកសួរ ជនជាតិខ្មែរ ដែលជាអ្នកនាំផ្លូវបានសារភាពថា រូបគេគ្រាន់តែជាអ្នកជួយស្ពាយវ៉ាលី និងសម្ភារៈឲ្យតែប៉ុណ្ណោះ ដោយក្នុងតម្លៃ ៣០០បាត ។ ដោយឡែកសម្រាប់ជនជាតិនីហ្សេរីយ៉ា បានរៀបរាប់ថា ពួកគេមានបំណងធ្វើដំណើរ ទៅស្ថានទូតនីហ្សេរ៉យ៉ា ប្រចាំប្រទេសថៃ ដើម្បីឲ្យជួយអន្តរាគមន៍បញ្ជូនពួកគេទៅស្រុកកំណើតវិញ ហើយបានជួលអ្នកនាំផ្លូវតាមរយៈរថយន្ត ក្នុងម្នាក់មួយពាន់ដុល្លារ ដែលស្មើនឹង ៣២.០០០ បាត។
លុះនៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែល ទាហានថៃបានឃាត់ខ្លួនពលករខ្មែរមួយក្រុមបន្ថែមទៀត នៅចំណុច ភូមិវឌ្ឍនា ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលពលករខ្មែរសរុបមាន ចំនួន១៣នាក់ ក្នុងនោះប្រុសមានចំនួន ៧នាក់ និងស្រី ៦នាក់ ដែលពួកគេត្រូវបង់ឲ្យមេខ្យល់ ក្នុងម្នាក់ ៥.០០០ បាត ដើម្បីចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃសារជាថ្មី ប៉ុន្តែក៏ត្រូវកម្លាំងយោធាថៃឃាត់ខ្លួនតែម្ដង។
ក្រោយការឃាត់ខ្លួនទាំងជនជាតិខ្មែរ និងនីហ្សេរីយ៉ា ត្រូវបានយោធាថៃ បញ្ជូនទៅស្នាក់ការកងរយលេខ ១២០៤ ដើម្បីធ្វើការសាកសួរ មុននឹងបញ្ជូនទៅកម្លាំងអន្តោប្រវេសន៍ប្រចាំស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី ៕






