ប្រគល់ផ្ទះមនុស្សធម៌ ជូនអតីតយុទ្ធជនដែលរងគ្រោះដោយអគ្គិភ័យ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥០គ្រួសារ
បាត់ដំបង ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់ផ្ទះមនុស្សធម៌ ០១ខ្នង លេខរៀងទី២០ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ អេង ម៉ាប់ អាយុ៦៣ឆ្នាំ មានពិការភាព និងជាអតីតយុទ្ធដែលមានជីវភាពក្រីក្រ និងបានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រចំនួន៥០គ្រួសារមកពីភូមិចំនួន៧ភូមិ ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត អាសូ និងស្រឡាញ់ចំពោះក្រុមគ្រួសារ លោក អេង ម៉ាប់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។
ឯកឧត្តមបានបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀនទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ» ៕







ដោយ ៖ សាលី